KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Esther - នាងអេសធើរ 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កាលលោកម៉ាដេកាយជ្រាបដំណឹងនេះលោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និង រោយផេះលើក្បាល។ លោកដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។   2  លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំងដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។   3  នៅតាមអាណាខេត្តនីមួយៗពេលគេបានទទួលលិខិត និង រាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារយំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។   4  ពួកស្ត្រីបំរើ និង មហាតលឹករបស់ព្រះនាងអេសធើរបាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហប្ញទ័យពន់ប្រមាណ។ ព្រះនាងអោយគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។   5  ពេលនោះព្រះនាងអេសធើរបានហៅលោកហាថាក់ ជាមហាតលឹកដែលព្រះរាជាអោយមកនៅបំរើព្រះនាង។ ព្រះនាងបញ្ជាគាត់អោយទៅសួរលោកម៉ាដេកាយអំពីមូលហេតុដែលជំរុញអោយលោកធ្វើបែបនេះ។   6  លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។   7  លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ានបានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្តេចចេញបញ្ជាអោយគេប្រល័យជីវិតជនជាតិយូដា។   8  លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្តីអំពីការប្រល័យពូជសាសន៍យូដាអោយលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមអោយព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្តោស និង ទូលអង្វរព្រះរាជា សំរាប់ជាតិសាសន៍របស់ព្រះនាង។   9  លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។   10  ព្រះនាងប្រាប់លោកហាថាក់អោយទៅជំរាបលោកម៉ាដេកាយវិញថា៖   11  «ពួករាជបំរើ និង ប្រជាជននៅក្នុងអាណាខេត្តរបស់ស្តេច សុទ្ធតែដឹងថាបុរស ឬ ស្ត្រីណាដែលហ៊ានចូលទៅគាល់ស្តេចនៅសាលខាងក្នុងរាជដំណាក់ ដោយស្តេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសំរាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសអោយនោះទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំអោយចូលគាល់ អស់រយៈពេលមួយខែមកហើយ»។   12  គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធើរទៅជំរាបលោកម៉ាដេកាយ។   13  លោកម៉ាដេកាយអោយគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្តីវិនាសដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។   14  ប្រសិនបើព្រះនាងសំងំស្ងៀម នៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និង រួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដានៅពេលនេះហើយមើលទៅ!»។   15  ពេលនោះ ព្រះនាងអេសធើរចាត់គេអោយទៅជំរាបលោកម៉ាដេកាយថា ៖   16  «សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន អោយតមអាហារសំរាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃទាំងយប់មិនត្រូវបរិភោគ ឬ ផឹកអ្វីឡើយ។ រីឯខ្ញុំ និង ស្ត្រីបំរើរបស់ខ្ញុំក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្តេចទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះអោយវិនាសទៅចុះ»។   17  លោកម៉ាដេកាយចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះនាងអេសធើរបង្គាប់។