Ephesians - អេភេសូ 5

1ដូច្នេះ ចូរ ត្រាប់ តាម ព្រះ ដូច ជា កូន ស្ងួន‌ភ្ងា 2ហើយ ដើរ ក្នុង សេចក្តី ស្រឡាញ់ ដូច ជា ព្រះ‌គ្រីស្ទ បាន ស្រឡាញ់ យើង ព្រម ទាំង ប្រគល់ ព្រះ‌អង្គ ទ្រង់ ជំនួស យើង ផង ទុក ជា ដង្វាយ ហើយ ជា យញ្ញ‌បូជា សំរាប់ ជា ក្លិន ឈ្ងុយ ថ្វាយ ដល់ ព្រះ។ 3ឯ សេចក្តី កំផិត សេចក្តី ស្មោក‌គ្រោក គ្រប់ យ៉ាង និង សេចក្តី លោភ នោះ មិន ត្រូវ ទាំង ឲ្យ ឮ ឈ្មោះ ក្នុង ពួក អ្នក រាល់ គ្នា ផង ដូច ជា គួរ គប្បី ក្នុង ពួក បរិសុទ្ធ 4ព្រម ទាំង រឿង គួរ ខ្មាស ពាក្យ សំដី ចំកួត និង ពាក្យ កំប្លែង ដែល សេចក្តី ទាំង នោះ មិន គួរ គប្បី ដែរ ស៊ូ ពោល តែ ពាក្យ សំរាប់ អរ ព្រះ‌គុណ វិញ 5ដ្បិត អ្នក រាល់ គ្នា ដឹង ថា គ្មាន មនុស្ស កំផិត ឬ ស្មោក‌គ្រោក ឬ លោភ គឺ ជា មនុស្ស ថ្វាយ បង្គំ រូប ព្រះ ដែល នឹង គ្រង មរដក ក្នុង នគរ នៃ ព្រះ‌គ្រីស្ទ ហើយ នៃ ព្រះ ផង បាន ឡើយ 6កុំ ឲ្យ អ្នក ណា បញ្ឆោត អ្នក រាល់ គ្នា ដោយ ពាក្យ សំដី ឥត ប្រយោជន៍ ឡើយ ដ្បិត គឺ ដោយ ព្រោះ សេចក្តី ទាំង នោះ បាន ជា សេចក្តី ក្រោធ របស់ ព្រះ បាន មក លើ មនុស្ស រឹង‌ចចេស 7ដូច្នេះ កុំ ឲ្យ មាន ចំណែក ជា ១ នឹង គេ ឡើយ 8ដ្បិត កាល ពី ដើម អ្នក រាល់ គ្នា ក៏ ងងឹត ដែរ តែ ឥឡូវ នេះ វិញ បាន ភ្លឺ ក្នុង ព្រះ‌អម្ចាស់ ដូច្នេះ ចូរ ដើរ ដូច ជា មនុស្ស ភ្លឺចុះ 9ដ្បិត ផល ផ្លែ នៃ ពន្លឺ នោះ មាន នៅ ក្នុង គ្រប់ ទាំង កិរិយា ល្អ សេចក្តី សុចរិត និង សេចក្តី ពិត 10ចូរ ល មើល ឲ្យ ដឹង សេចក្តី អ្វី ដែល ព្រះ‌អម្ចាស់ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ចុះ 11កុំ ឲ្យ ប្រកប ក្នុង ការ ឥត ផល ប្រយោជន៍ របស់ សេចក្តី ងងឹត ឡើយ ស៊ូ បន្ទោស វិញ 12ដ្បិត ការ ទាំង ប៉ុន្មាន ដែល គេ ប្រព្រឹត្ត ដោយ សំងាត់ នោះ បើ គ្រាន់ តែ និយាយ ពី ការ ទាំង នោះ ក៏ គួរ ខ្មាស ទៅ ហើយ 13តែ ការ ទាំង នោះ បាន សំដែង មក យ៉ាង ច្បាស់ ដោយ ពន្លឺ ភ្លឺ បញ្ជាក់ ដ្បិត គឺ ជា ពន្លឺ ហើយ ដែល សំដែង ឲ្យ ឃើញ ទាំង អស់ 14ហេតុ នោះ បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ថា «ឯង ដែល ដេក លក់ អើយ ចូរ ភ្ញាក់ ឡើង ឲ្យ ក្រោក ពី ពួក មនុស្ស ស្លាប់ ឡើង នោះ ព្រះ‌គ្រីស្ទ នឹង ភ្លឺ មក លើ ឯង» 15ដូច្នេះ ត្រូវ ប្រយ័ត្ន ដោយ មធ្យ័ត ដែល អ្នក រាល់ គ្នា ដើរ យ៉ាង ណា កុំ ឲ្យ ដើរ ដូច ជា មនុស្ស ឥត ប្រាជ្ញា ឡើយ ត្រូវ តែ ដើរ ដោយ មាន ប្រាជ្ញា វិញ 16ទាំង លៃ យក ឱកាស ឲ្យ ទាន់ ពេល ផង ពី ព្រោះ សម័យ នេះ អាក្រក់ ណាស់ 17ដូច្នេះ កុំ ឲ្យ ខ្លៅ ល្ងង់ ឡើយ ត្រូវ ខំ ឲ្យ យល់ បំណង ព្រះ‌ហឫ‌ទ័យ ព្រះ‌អម្ចាស់ វិញ 18កុំ ឲ្យ ស្រវឹង ស្រា ដែល នាំ ឲ្យ ព្រើល ចិត្ត ឡើយ តែ ចូរ ឲ្យ បាន ពេញ ជា ព្រះ‌វិញ្ញាណ វិញ 19ហើយ និយាយ គ្នា ទៅ វិញ ទៅ មក ដោយ បទ ទំនុក ដំកើង ទំនុក បរិសុទ្ធ នឹង ចំរៀង ខាង ឯ វិញ្ញាណ ទាំង ច្រៀង ហើយ សរសើរ ដល់ ព្រះ‌អម្ចាស់ ដោយ ចិត្ត 20ទាំង អរ ព្រះ‌គុណ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ជា ដរាប ក្នុង គ្រប់ ការ ទាំង អស់ ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ។ 21ហើយ ទាំង ចំណុះ គ្នា ទៅ វិញ ទៅ មក ដោយ សេចក្តី កោត‌ខ្លាច ដល់ ព្រះ‌គ្រីស្ទ។ 22ស្ត្រី រាល់ គ្នា អើយ ចូរ ឲ្យ ចុះ ចូល ចំពោះ ប្តី ខ្លួន ដូច ជា ចុះ ចូល នឹង ព្រះ‌អម្ចាស់ ដែរ 23ដ្បិត ប្តី ជា ក្បាលនៃ ប្រពន្ធ ដូច ជា ព្រះ‌គ្រីស្ទ ទ្រង់ ជា សិរសា នៃ ពួក ជំនុំ ដែរ ក៏ ជា ព្រះ‌អង្គ សង្គ្រោះ ដល់ រូប‌កាយ ផង 24ហើយ ដូច ជា ពួក ជំនុំ ចុះ ចូល នឹង ព្រះ‌គ្រីស្ទ ជា យ៉ាង ណា នោះ ត្រូវ ឲ្យ ប្រពន្ធ ចុះ ចូល នឹង ប្តី ខ្លួន ក្នុង គ្រប់ ការ ទាំង អស់ យ៉ាង នោះ ដែរ។ 25បុរស រាល់ គ្នា អើយ ចូរ ស្រឡាញ់ ប្រពន្ធ ខ្លួន ដូច ជា ព្រះ‌គ្រីស្ទ បាន ស្រឡាញ់ ដល់ ពួក ជំនុំ ហើយ បាន ប្រគល់ ព្រះ‌អង្គ ទ្រង់ ជំនួស ផង 26ដើម្បី ឲ្យ ទ្រង់ បាន ញែក ពួក ជំនុំ ចេញ ជា បរិសុទ្ធ ដោយ បាន លាង សំអាត នឹង ទឹក គឺ ជា ព្រះ‌បន្ទូល 27ប្រយោជន៍ នឹង ថ្វាយ ពួក ជំនុំ នេះ ដល់ ព្រះ‌អង្គ ទ្រង់ ទុក ជា ពួក ជំនុំ ដ៏ ឧត្តម ឥត ប្រឡាក់ ឥត ជ្រួញ ឬ មាន អ្វី ឲ្យ ដូច ឡើយ គឺ ឲ្យ បាន បរិសុទ្ធ ហើយ ឥត កន្លែង បន្ទោស បាន វិញ 28ត្រូវ ឲ្យ ប្តី ស្រឡាញ់ ប្រពន្ធ បែប យ៉ាង នោះ ឯង គឺ ដូច ជា ស្រឡាញ់ រូប‌កាយ របស់ ខ្លួន ដែរ អ្នក ណា ដែល ស្រឡាញ់ ប្រពន្ធ ខ្លួន នោះ ក៏ ឈ្មោះ ថា ស្រឡាញ់ ដល់ ខ្លួន ឯង ហើយ 29ដ្បិត មិន ដែល មាន អ្នក ណា ស្អប់ រូប សាច់ ខ្លួន ឯង ឡើយ គឺ គេ តែង ចិញ្ចឹម ហើយ ថ្នាក់ ថ្នម វិញ ដូច ជា ព្រះ‌អម្ចាស់ ដល់ ពួក ជំនុំ ដែរ 30ដ្បិត យើង រាល់ គ្នា ជា អវយវៈ របស់ រូប អង្គ និង សាច់ ឆ្អឹង ទ្រង់ 31«ដោយ ហេតុ នោះ បាន ជា មនុស្ស ប្រុស និង លា ចេញ ពី ឪពុក ម្តាយ ទៅ នៅ ជាប់ នឹង ប្រពន្ធ ហើយ អ្នក ទាំង ២ នោះ នឹង ត្រឡប់ ជា សាច់ តែ ១ វិញ 32សេចក្តី អាថ៌‌កំបាំង នេះ ជ្រៅ ណាស់ តែ ខ្ញុំ និយាយ ខាង ឯ ព្រះ‌គ្រីស្ទ នឹង ពួក ជំនុំ វិញ 33ប៉ុន្តែ ត្រូវ ឲ្យ អ្នក រាល់ គ្នា ទាំង អស់ ស្រឡាញ់ ប្រពន្ធ ខ្លួន ដូច ជា ខ្លួន ឯង ហើយ ប្រពន្ធ ក៏ ត្រូវ កោត‌ខ្លាច ប្តី ដែរ។


Copyright
Learn More

will be added

X\