KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ecclesiastes - សាស្តា 8 - Khmer, Central - Old Version - Bible.is - KMHKOV

  1  តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើអោយផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួរហ្មងរបស់គេផង។   2  ចូរប្រព្រឹត្តតាមពាក្យរបស់ស្តេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះជាម្ចាស់   3  កុំបោះបង់ចោលស្តេចអោយសោះហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្តេចមិនគាប់ព្រះហប្ញទ័យដែរ ដ្បិតស្តេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះរាជបំណង។   4  ស្តេចមានរាជឱង្ការយ៉ាងណាក្តីក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្តេចថា"ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ"បានឡើយ។   5  អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសំគាល់មើលកាលៈទេសៈ និង ការវិនិច្ឆ័យ។   6  អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យនៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កំរិត។   7  មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់អោយគេដឹងទេ។   8  មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យាថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ អោយរួចជីវិតបានជាដាច់ខាត។   9  ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ : មានពេលខ្លះមនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើអោយគេរងទុក្ខវេទនា។   10  ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទីសក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុងអ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។   11  មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេអោយប្រព្រឹត្តអំពើអាក្រក់។   12  ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្តី ក៏ខ្ញុំយល់ឃើញថាមានតែអស់អ្នកកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្តីសុខ ព្រោះគេគោរពព្រះអង្គ។   13  មនុស្សអាក្រក់មិនដែលបានសេចក្តីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពព្រះជាម្ចាស់។   14  មានការឥតប្រយោជន៍មួយទៀតនៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបំរុងទុកសំរាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបំរុងទុកសំរាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។   15  ដូច្នេះខ្ញុំអោយតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសំរាប់មនុស្សក្រៅពីការស៊ីផឹក និង សប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលព្រះជាម្ចាស់ប្រទានអោយគេរស់នៅលើផែនដីនេះ។   16  ពេលខ្ញុំយកចិត្តទុកដាក់ស្វែងយល់អំពីប្រាជ្ញា ហើយសង្កេតមើលការខ្វល់ខ្វាយរបស់មនុស្សនៅលើផែនដី គឺគេខ្វល់ខ្វាយ ទាំងថ្ងៃ ទាំងយប់ ដេកពុំលក់   17  នោះខ្ញុំក៏យល់ឃើញថាហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្តី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថាខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។