1 មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្ស ដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។ 2 ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។ 3 ក៏ប៉ុន្តែអ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និង មនុស្សដែលនៅរស់ទៅទៀត។ 4 ខ្ញុំយល់ឃើញថាការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។ 5 មនុស្សលេលា គិតតែពីអោបដៃ ហើយស៊ីសាច់ខ្លួនឯង។ 6 បានសំរាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។ 7 ខ្ញុំបានឃើញការម៉្យាងទៀត នៅលើផែនដីនេះដែលឥតបានការ 8 គឺមនុស្សរស់នៅកណ្តោចកណ្តែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសំរាប់នរណាបានជាបង្អត់ខ្លួនឯង មិនអោយមានសុភមង្គលដូច្នេះ? ត្រង់នេះទៀត ក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។ 9 មនុស្សពីរនាក់ ប្រសើរជាងមនុស្សតែម្នាក់ដ្បិត កិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ 10 ប្រសិនបើម្នាក់ដួលម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួលគ្មាននរណាជួយលើកទេ! 11 មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នានោះគេបានកក់ក្តៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្តេចអោយកក់ក្តៅកើត? 12 មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។ 13 ក្មេងប្រុសម្នាក់ក្រីក្រតែមានប្រាជ្ញា នោះប្រសើរជាងស្តេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ 14 ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្តី។ 15 ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និង មានចលនា នៅលើផែនដីលើកគ្នាទៅហែហមក្មេងប្រុសដែលឡើងគ្រងរាជ្យជំនួសស្តេចចាស់។ 16 ក្មេងប្រុសនោះនឹងធ្វើជាមគ្គុទេសក៍លើប្រជាជនដែលច្រើនឥតគណនា។ ប៉ុន្តែមនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍ នឹងស្តេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការដូចដេញចាប់ខ្យល់។