1 នេះជាពាក្យរបស់សាស្តា ជាបុត្ររបស់ព្រះបាទដាវីឌ និង ជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។ 2 សាស្តាបានថ្លែងថា : អ្វីៗទាំងអស់សុទ្ធតែឥតន័យឥតខ្លឹមសារ និង ឥតបានការ។ 3 មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដីតើបានប្រយោជន៍អ្វី? 4 មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ 5 ព្រះអាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ 6 ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើងវិលទៅវិលមកបក់តាមទិសរបស់ខ្លួនវិញ។ 7 ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ 8 អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសំឡឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្តាប់តែមិនចេះធុញទ្រាន់។ 9 ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ 10 ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេចទៅហើយ។ 11 គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។ 12 ខ្ញុំសាស្តា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម។ 13 ខ្ញុំខិតខំស្វែងរក និង យកប្រាជ្ញាមករិះគិតពិចារណា អំពីអ្វីៗទាំងប៉ុន្មានដែលកើតមាននៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តំរូវអោយមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។ 14 ខ្ញុំបានឃើញថាស្នាដៃទាំងប៉ុន្មានដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ 15 អ្វីៗដែលកោង ពុំអាចបត់អោយត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ 16 ខ្ញុំរិះគិតថា:ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្តេចឯទៀតៗដែលគ្រងរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និង ការចេះដឹង។ 17 ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញាព្រមទាំងស្វែងយល់អំពីភាពលេលា និង ការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថាសូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ 18 ដ្បិតមានប្រាជ្ញាច្រើនមានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។