KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 9 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «អ៊ីស្រាអែលអើយ ចូរស្តាប់! ថ្ងៃនេះអ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើននិង មានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗមានកំពែងខ្ពស់កប់ពពក។   2  ពួកគេជាប្រជាជនមានមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និង ធ្លាប់ឮគេនិយាយថា"គ្មាននរណាអាចតទល់នឹងកូនចៅអណាក់បានឡើយ"។   3  ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកំទេចពួកគេ ព្រះអង្គនឹងធ្វើអោយពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។   4  ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថាព្រះអម្ចាស់ប្រទានស្រុកនេះអោយអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។   5  អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬ មានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។   6  ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះអោយអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។   7  «ចូរចងចាំ កុំអោយភ្លេច ថា នៅវាលរហោស្ថាន អ្នកបានធ្វើអោយព្រះអម្ចាស់ជាព្រះរបស់អ្នកទ្រង់ព្រះពិរោធ គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។   8  នៅភ្នំហោរែបគអ្នករាល់គ្នាបានធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។   9  នៅពេលខ្ញុំឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារឬទឹកទេ។   10  ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកអោយខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។   11  សែសិបថ្ងៃសែសិបយប់ក្រោយពេលខ្ញុំឡើងទៅជួបព្រះអម្ចាស់ ព្រះអង្គប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។   12  ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីបបានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ាដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាករមួយ"។   13  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: "យើងបានឃើញថា ប្រជាជននេះ សុទ្ឋតែជាមនុស្សមានចិត្តរឹងរូស។   14  ចូរទុកអោយយើងបំផ្លាញពួកគេ និង លុបឈ្មោះពួកគេ អោយបាត់សូន្យពីផែនដី រួចយើងនឹងធ្វើអោយមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែហើយមានគ្នាច្រើនជាងប្រជាជននេះ "។   15  ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះមានភ្លើងពាសពេញលើភ្នំ។   16  ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលព្រះអម្ចាស់បង្ហាញដល់អ្នករាល់គ្នា។   17  ខ្ញុំក៏ចាប់បន្ទះថ្មមកកាន់ក្នុងដៃទាំងពីរ ហើយបោកបន្ទះថ្មទាំងពីរនោះអោយបែក នៅចំពោះមុខអ្នករាល់គ្នា»។   18  «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ខ្ញុំមិនបរិភោគអាហារ ឬ ទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់បណ្តាលអោយព្រះអង្គទ្រង់ព្រះពិរោធ។   19  ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញព្រះអម្ចាស់ទ្រង់ព្រះពិរោធ និង ក្រេវក្រោធចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀតព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ។   20  ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអើរ៉ុនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះខ្ញុំក៏បានទូលអង្វរព្រះអង្គអោយលោកអើរ៉ុនដែរ។   21  ខ្ញុំបានយករូបកូនគោដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកំទេចក្នុងភ្លើងអោយម៉ដ្ត ដូចធូលីដីហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។   22  នៅតាបេរ៉ាឃ នៅម៉ាសា និង នៅគីប្រូត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើអោយព្រះអម្ចាស់ ទ្រង់ព្រះពិរោធដែរ។   23  ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដែស-បារណា ថា"ចូរទៅចាប់យកទឹកដីដែលយើងប្រគល់អោយអ្នករាល់គ្នាចុះ!"។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជា របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។   24  តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។   25  ខ្ញុំក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។   26  ខ្ញុំបានទូលអង្វរព្រះអម្ចាស់ថា : "បពិត្រព្រះជាអម្ចាស់ សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានរំដោះពួកគេ ដោយព្រះចេស្តាដ៏រុងរឿងរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយព្រះបារមីរបស់ព្រះអង្គ។   27  សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុប ជាអ្នកបំរើរបស់ព្រះអង្គ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូសចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ   28  ក្រែងលោអ្នកស្រុកអេស៊ីបពោលថាព្រះអម្ចាស់គ្មានអំណាច នឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។   29  អ្នកទាំងនេះជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និង ដោយតេជបារមីរបស់ព្រះអង្គ"»។