KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមច្បាប់ និង វិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់អោយអ្នករាល់គ្នា។   2  មិនត្រូវបន្ថែម ឬ បន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែត្រូវធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់អោយអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់អោយអ្នករាល់គ្នា។   3  អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុកាណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាប ជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ   4  ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។   5  អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និង វិន័យផ្សេងៗដល់អ្នករាល់គ្នាដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីអោយអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។   6  អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមច្បាប់ និង វិន័យទាំងនោះ ដើម្បីអោយអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។   7  តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលដែលយើងអង្វររកព្រះអង្គ ?   8  តើប្រជាជាតិដ៏ធំណាមួយ មានច្បាប់ និង វិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។   9  «ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំអោយភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និង ចៅរបស់អ្នករាល់គ្នាអោយដឹងអំពីហេតុការណ៍នេះដែរ។   10  ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលប្រជាជនអោយមកជួបនឹងយើង ដ្បិតយើងចង់អោយពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីអោយពួកគេគោរពកោតខ្លាចយើងអស់មួយជីវិតដែលពួកគេរស់នៅលើផែនដី ព្រមទាំងអោយពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន"។   11  អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្តាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និង អ័ព្ទ។   12  ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្តេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។   13  ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានបទបញ្ជាទាំងដប់ប្រការ អោយអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារច្បាប់ និង វិន័យទាំងនោះនៅលើបន្ទះថ្មពីរ។   14  នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់អោយខ្ញុំបង្រៀនអ្នករាល់គ្នាអំពីច្បាប់ និង វិន័យ ដើម្បីអោយអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។   15  «នៅថ្ងៃដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី   16  ក្រែងលោអ្នករាល់គ្នាបណ្តាលអោយខ្លួនមានបាបដោយធ្វើរូបព្រះក្លែងក្លាយ ជារូបតំណាងព្រះណាមួយទោះបីជារូបមនុស្សប្រុសស្រី   17  រូបសត្វនៅលើដីឬសត្វស្លាបហើរនៅលើមេឃ   18  រូបសត្វលូនវារឬ រូបត្រីនៅក្នុងទឹក។   19  ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និង ផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនអោយក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានបណ្តោយអោយជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។   20  ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីទាសភាព នៅស្រុកអេស៊ីប ដើម្បីអោយអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ព្រះអង្គផ្ទាល់ ដូចសព្វថ្ងៃនេះ។   21  ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រគល់អោយអ្នក ទុកជាកេរមត៌កឡើយ។   22  ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។   23  ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនកុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកបានចងជាមួយអ្នកអោយសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានហាមឡើយ   24  ដ្បិតព្រះអម្ចាស់ព្រះរបស់អ្នកជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។   25  ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំអ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្តោយខ្លួនអោយប្រព្រឹត្តអំពើបាបដោយធ្វើរូបព្រះក្លែងក្លាយ ឬ រូបតំណាងអ្វីៗប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ   26  ថ្ងៃនេះ ខ្ញុំយកមេឃ និង ដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះអ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។   27  ព្រះអម្ច្វាស់នឹងកំចាត់កំចាយអ្នករាល់គ្នា អោយទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។   28  នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និង ពីថ្មដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។   29  នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹងនោះអ្នកមុខជាឃើញព្រះអង្គមិនខាន។   30  នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ អ្នកនឹងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ   31  ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រីដែលព្រះអង្គបាន ចង ជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។   32  «ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ?។   33  តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?   34  តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត អោយធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសំគាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេ ដោយឫទ្ធិបារមី និង តេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើនៅស្រុកអេស៊ីប អោយអ្នកឃើញបែបនេះឬទេ?   35  អ្នកបានឃើញការទាំងនោះដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ។   36  ព្រះអង្គបានអោយអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គអោយអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮព្រះសូរសៀងរបស់ព្រះអង្គ ពីក្នុងភ្លើងនោះមក។   37  ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាព្រះអង្គផ្ទាល់ នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិប្ញទ្ធិរបស់ព្រះអង្គ។   38  ព្រះអង្គបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និង មានកម្លាំងខ្លាំងជាងអ្នក ដើម្បីអោយអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកអោយអ្នក ទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។   39  ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់ នៅលើមេឃ និង នៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។   40  អ្នកត្រូវកាន់តាមច្បាប់ និង បទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់អោយអ្នកក្នុងថ្ងៃនេះ ដើម្បីអោយអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយអោយអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានអោយអ្នករហូតតទៅ»។   41  ពេលនោះ លោកម៉ូសេបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក   42  ធ្វើជាក្រុងជំរក តសំរាប់អោយអ្នកដែលសម្លាប់គេ ដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។   43  ក្រុងទាំងនោះគឺ : ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាប ក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដក្នុងទឹកដីកាដនិង ក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។   44  នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់អោយជនជាតិអ៊ីស្រាអែល។   45  លោកម៉ូសេបានប្រកាសអំពីដំបូន្មាន ច្បាប់ និង វិន័យប្រាប់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប   46  នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ លោកម៉ូសេ និង ជនជាតិអ៊ីស្រាអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប   47  ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុកជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់   48  ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន   49  វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបាដែលនៅជើងភ្នំពីសកា។