1 មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់អោយពរជនជាតិអ៊ីស្រាអែលដូចតទៅ ៖ 2 «ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ាន ព្រះអង្គយាងមកជាមួយទេវតា យ៉ាងច្រើនអនេកអនន្ត ព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើង មកប្រគល់អោយប្រជារាស្ត្ររបស់ព្រះអង្គ។ 3 ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ ពួកគេក្រាបនៅទៀបព្រះបាទា ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។ 4 ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់អោយពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។ 5 នៅពេលដែលមេដឹកនាំរបស់ជនជាតិយេស៊ូរូន និង កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែល ជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់ពួកគេ។ 6 សូមអោយរូបេនមានជីវិត ឥតស្លាប់ឡើយ ហើយអោយគេកើនចំនួនច្រើនឡើង!។ 7 ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា: ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ពាក្យរបស់យូដា សូមនាំគេអោយជានានឹងបងប្អូនរបស់ខ្លួនវិញ សូមអោយគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមព្រះអង្គជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។ 8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា: ព្រះអង្គបានប្រគល់ធូមីម និង យូរីម ទៅអោយកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។ 9 ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្តាយ បងប្អូន និង កូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។ 10 ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ ដល់កូនចៅលោកយ៉ាកុប ពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គ ដល់កូនចៅអ៊ីស្រាអែល ពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គ ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។ 11 ឱព្រះអម្ចាស់អើយ សូមប្រទានអោយពួកគេមានកម្លាំង សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។ សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ សូមអោយអស់អ្នកដែលស្អប់ពួកគេ ត្រូវបរាជ័យ ងើបលែងរួច!។ 12 ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា : ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់ គេនៅជាមួយព្រះអង្គយ៉ាងកក់ក្តៅ ព្រះអម្ចាស់ការពារគេជានិច្ច ហើយព្រះអង្គគង់នៅជាមួយគេ។ 13 ចំពោះកូនចៅរបស់លោកយ៉ូសែប លោកម៉ូសេថ្លែងថា : ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ ភ្លៀង និង សន្សើមធ្លាក់ចុះពីលើមេឃ ហើយទឹកក៏ផុសចេញពីក្នុងដីមក ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។ 14 កំដៅថ្ងៃធ្វើអោយដំណាំដុះឡើង បង្កើតភោគផលយ៉ាងច្រើន រៀងរាល់ខែ។ 15 ស្រុករបស់គេមានភ្នំជុំជិត ធ្វើអោយដីមានជីជាតិល្អគ្រប់ពេលវេលា។ 16 ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។ សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោត សន្តោសដល់កូនចៅយ៉ូសែប ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។ 17 កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា ដែលមានកម្លាំង និង ភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះរហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។ 18 ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា : សាប់យូឡូនអើយ ចូរសប្បាយរីករាយ នៅពេលអ្នកចេញទៅច្បាំង! រីឯអ៊ីសាកាវិញ ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក! 19 ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។ 20 ចំពោះកូនចៅកាដ លោកថ្លែងថា : សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន អោយកាដមានទឹកដីទូលំទូលាយ! កាដសំងំ ដូចសិង្ហញីសំងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។ 21 កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសំរាប់មេដឹកនាំកាដដើរនៅមុខប្រជាជន គេបានសំរេចតាមគំរោងការរបស់ព្រះអម្ចាស់ ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល តាមវិន័យរបស់ព្រះអង្គ។ 22 ចំពោះកូនចៅដាន់ លោកថ្លែងថា : ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។ 23 ចំពោះកូនចៅណែបថាលី លោកថ្លែងថា : ណែបថាលីទទួលការសន្តោស និង ព្រះពរដ៏លើសលប់ពីព្រះអម្ចាស់ ដូច្នេះ អោយគេវាតទឹកដីទៅទិសខាងលិច និង ទិសខាងត្បូងចុះ!។ 24 ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា : សូមអោយអេអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅលោកយ៉ាកុប! សូមអោយបងប្អូនអាណិតស្រឡាញ់គេ ហើយសូមអោយគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ 25 រនុកទ្វារធ្វើអំពីដែក និង លង្ហិន ផ្តល់សន្តិសុខអោយអេស៊ើរ សូមអោយកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។ 26 យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកបានឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក ។ 27 ព្រះអង្គជាជំរករបស់អ្នក តាំងពីដើមរៀងមក ព្រះហស្តរបស់ព្រះអង្គទ្រអ្នកជានិច្ច ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាអោយអ្នកប្រល័យពួកគេ។ 28 អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និង ស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។ 29 អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ ដូចព្រះអង្គសង្គ្រោះអ្នកឡើយ ព្រះអង្គជាខែលការពារអ្នក និង ជាដាវ ដែលផ្តល់អោយអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។