KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 31 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលទៀតថា៖   2  «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថាខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។   3  ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីអោយអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នកដូចព្រះអម្ចាស់មានព្រះបន្ទូល។   4  ព្រះអម្ចាស់នឹងកំទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកំទេចស៊ីហុន និង អុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ   5  ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះ មកក្នុងកណ្តាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេតាមបញ្ជាដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ។   6  ចូរមានកម្លាំង និង ចិត្តក្លាហានឡើង! កុំភ័យខ្លាចឬតក់ស្លុតនៅចំពោះមុខពួកគេអោយសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាព្រះរបស់អ្នកនឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។   7  លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោកនៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និង ចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់អោយពួកគេ។ ដូច្នេះអ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដីជាចំណែកមត៌ករបស់ពួកគេ។   8  ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះកុំភ័យខ្លាច ឬ តក់ស្លុតអោយសោះ»។   9  លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះប្រគល់ជូនពួកបូជាចារ្យ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី របស់ព្រះអម្ចាស់ ហើយលោកក៏ប្រគល់ជូនលោកព្រឹទ្ធាចារ្យ ទាំងអស់នៃជនជាតិអ៊ីស្រាអែលដែរ។   10  លោកម៉ូសេបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្តង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យបារាំ   11  ពេលជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នកនៅកន្លែងដែលព្រះអង្គជ្រើសរើស ចូរអានក្រឹត្យវិន័យនេះ នៅមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដើម្បីអោយពួកគេបានឮ។   12  ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីអោយពួកគេឮក្រឹត្យវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និង អនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ។   13  ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គម្ពីរវិន័យនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាក្នុងពេលអ្នករាល់គ្នា រស់នៅលើទឹកដីដែលអ្នករាល់គ្នា ត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។   14  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ លោកម៉ូសេ និង លោកយ៉ូស្វេនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។   15  ពេលនោះ ព្រះអម្ចាស់លេចមកអោយលោកទាំងពីរឃើញក្នុងដុំពពក នៅក្នុងពន្លា។   16  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀតអ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើងដោយផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។   17  នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេទុក្ខវេទនា និង ភាពអាសន្នជាច្រើនកើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា "ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះមកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!"។   18  នៅថ្ងៃនោះយើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។   19  ចូរសរសេរបទចំរៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រាអែលអោយចេះច្រៀង ហើយអោយបទចំរៀងនេះធ្វើជាសាក្សីរបស់យើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។   20  យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់អោយពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែតបានធំធាត់ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបំរើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្តាច់សម្ពន្ធមេត្រីជាមួយយើង។   21  នៅពេលដែលមហន្តរាយ និង ទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចំរៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដីដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ថាប្រគល់អោយពួកគេយើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។   22  នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចំរៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រាអែល។   23  ព្រះអម្ចាស់បង្គាប់លោកយ៉ូស្វេជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និង ចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថាប្រគល់អោយពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។   24  ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្តីអំពីក្រឹត្យវិន័យនេះ ទុកក្នុងគម្ពីរចប់សព្វគ្រប់ហើយ   25  លោកបង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី របស់ព្រះអម្ចាស់ថា៖   26  «ចូរយកនៃក្រឹត្យវិន័យនេះ ទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក   27  ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និង មានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត!   28  ចូរប្រមូលព្រឹទ្ធាចារ្យ ទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមអោយមកជួបខ្ញុំខ្ញុំនឹងអោយពួកគេឮព្រះបន្ទូលទាំងនេះ។ ខ្ញុំក៏យកមេឃ និង ដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ   29  ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ រហូតដល់បណ្តាលអោយព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។   30  លោកម៉ូសេបានថ្លែងសេចក្តីទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ អោយអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រាអែលស្តាប់ រហូតដល់ចប់។