1 «សេចក្តីទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់ ទោះបីព្រះពរ ឬ បណ្តាសាក្តី មុខជាកើតមានដល់អ្នក។ ពេលណាព្រះអម្ចាស់ជាព្រះរបស់អ្នក និរទេសអ្នកទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ប្រសិនបើអ្នកនឹកឃើញសេចក្តីទាំងនោះ 2 ហើយវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ 3 ព្រះអម្ចាស់ ជាព្រះរបស់អ្នកនឹងស្តារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអង្គកំចាត់កំចាយអ្នកទៅនោះ។ 4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្តី ក៏ព្រះអម្ចាស់ជាព្រះរបស់អ្នកទៅប្រមូលអ្នកនាំយកមកវិញដែរ។ 5 ព្រះអម្ចាស់ ជាព្រះរបស់អ្នកនឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរអោយអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ 6 ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីអោយអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្តអស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។ 7 ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងធ្វើអោយបណ្តាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នកព្រមទាំងអស់អ្នកដែលស្អប់ និង បៀតបៀនអ្នក។ 8 រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ 9 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គនឹងប្រទានអោយអ្នកមានកូនចៅជាច្រើនហ្វូងសត្វរបស់អ្នក នឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតព្រះអម្ចាស់សព្វព្រះហប្ញទ័យប្រទានអោយអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។ 10 ក៏ប៉ុន្តែ អ្នកត្រូវស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និង ច្បាប់របស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ ហើយត្រូវវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។ 11 បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ 12 បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្តាលអោយអ្នកពោលថា"តើបាននរណាឡើងទៅលើមេឃ យកបទបញ្ជានេះមកថ្លែងប្រាប់យើងដើម្បីអោយយើងប្រតិបត្តិតាម?"។ 13 បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្តាលអោយអ្នកពោលថា "តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីអោយយើងប្រតិបត្តិតាម?"។ 14 ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នកនៅក្នុងមាត់ និង ក្នុងចិត្តរបស់អ្នក ដើម្បីអោយអ្នកប្រតិបត្តិតាម។ 15 មើល៍ថ្ងៃនេះ ខ្ញុំអោយអ្នកជ្រើសរើសយកជីវិត ឬ សេចក្តីស្លាប់ អំពើល្អ ឬ អំពើអាក្រក់ 16 ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះអោយស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា ច្បាប់ និង វិន័យរបស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និង កើនចំនួនច្រើនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ 17 ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្តាប់បង្គាប់ព្រះអង្គដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និង គោរពបំរើព្រះឯទៀតៗ 18 នោះខ្ញុំប្រាប់អោយអ្នករាល់គ្នាដឹង នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅកាន់កាប់នោះឡើយ។ 19 ថ្ងៃនេះខ្ញុំសូមយកមេឃ និង ដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំអោយអ្នកជ្រើសរើសយកជីវិត ឬ សេចក្តីស្លាប់ព្រះពរ ឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីអោយអ្នក និង ពូជពង្សរបស់អ្នកបានរស់រាន។ 20 ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និង ជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានអោយអ្នកមានអាយុយឺនយូរ ដើម្បីអោយអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងប្រទានអោយលោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុបជាបុព្វបុរសរបស់អ្នក»។