KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 25 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅអោយតុលាការកាត់ក្តី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តីម្នាក់ទៀតមានទោស។   2  ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវអោយគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះ អោយសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្ត។   3  ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែសិបរំពាត់ឡើយ បើវាយលើសពីនោះ ក្រែងលោបងប្អូនរួមជាតិរបស់អ្នក ត្រូវបាត់បង់កិត្តិយសនៅចំពោះមុខអ្នក។   4  កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។   5  «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកដែលស្លាប់នោះ ពុំអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយាហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។   6  កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្តីដែលស្លាប់ទៅហើយនោះ ដើម្បីកុំអោយគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។   7  ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកព្រឹទ្ធាចារ្យនៅមាត់ទ្វារក្រុងជំរាបថា "ប្អូនថ្លៃរបស់នាងខ្ញុំ មិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួនអោយបានគង់វង្សនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំតាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ"។   8  ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធ មិនព្រមរៀបការជាមួយនាងទេនោះ   9  បងថ្លៃត្រូវចូលទៅជិតគាត់នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា "មនុស្សដែលពុំព្រមបន្តពូជអោយបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!"។   10  ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា"ពូជអត់ស្បែកជើង"»។   11  «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នាប្រសិនបើប្រពន្ធរបស់បុរសម្នាក់ ចូលទៅជួយប្តីរបស់ខ្លួនអោយរួចពីកណ្តាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរខ្មាសរបស់បុរសម្នាក់ទៀត   12  ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។   13  «ក្នុងថង់របស់អ្នក មិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។   14  ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំមួយតូចដែរ។   15  អ្នកត្រូវតែមានកូនទម្ងន់ និង រង្វាល់ត្រឹមត្រូវដើម្បីអោយអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់អោយ។   16  ព្រះអម្ចាស់ ជាព្រះរបស់អ្នកស្អប់ខ្ពើម ជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។   17  «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។   18  ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។   19  កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសអោយអ្នកបានសំរាកនៅក្នុងស្រុកដែលព្រះអង្គប្រទានអោយអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកអោយវិនាសសូន្យ កុំអោយនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចអោយសោះ!»។