KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 20 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និង ពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នកដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់គង់នៅជាមួយអ្នក។   2  មុនពេលចូលប្រយុទ្ធ បូជាចារ្យ ត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេ ដូចតទៅ :   3  "អ៊ីស្រាអែលអើយ ចូរស្តាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្តភ័យខ្លាចញ័ររន្ធត់ និង តក់ស្លុតនៅចំពោះមុខពួកគេឡើយ   4  ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងទៅច្បាំងជាមួយអ្នករាល់គ្នាដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានអោយអ្នករាល់គ្នាមានជ័យជំនះ"។   5  បន្ទាប់មក ពួកមេទ័ពត្រូវនិយាយទៅកាន់ពលទាហានថា : "ក្នុងចំណោមអ្នករាល់គ្នា បើមាននរណាម្នាក់ទើបនឹងសង់ផ្ទះថ្មី ហើយពុំទាន់បានឡើងផ្ទះនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។   6  បើមាននរណាម្នាក់ដាំទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។   7  បើនរណាម្នាក់មានគូដណ្តឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង"។   8  នាយទាហានត្រូវនិយាយទៅកាន់ពលទ័ពទៀតថា : "បើនរណាភ័យខ្លាច ឬ គ្មានទឹកចិត្តក្លាហានទេ ចូរអោយអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំអោយបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ"។   9  ពេលមេទ័ពនិយាយបែបនេះ ទៅកាន់ពលទាហានហើយ ពួកគេក៏ចាត់តាំងអោយមានមេក្រុម នាំមុខពលទាហានទាំងនោះ»។   10  «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើអោយពួកគេចុះចូលជាមុនសិន។   11  ប្រសិនបើអ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងអោយអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះ ត្រូវតែចំណុះអ្នកហើយធ្វើការបំរើអ្នក។   12  ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង   13  ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ហើយអ្នកត្រូវប្រហារប្រុសៗទាំងអស់របស់ពួកគេដោយមុខដាវ។   14  ចំណែកឯស្រីៗក្មេងៗ ហ្វូងសត្វ និង ទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក។   15  អ្នកត្រូវប្រព្រឹត្តបែបនេះចំពោះក្រុងទាំងអស់ដែលនៅឆ្ងាយៗពីអ្នក ជាក្រុងដែលមិនស្ថិតនៅក្នុងចំណោមក្រុងរបស់ប្រជាជាតិទាំងនេះទេ។   16  រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នកជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតអោយនរណាម្នាក់សោះឡើយ   17  គឺអ្នកត្រូវបំផ្លាញជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និង ជនជាតិយេប៊ូស ថ្វាយផ្តាច់ដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ទុក។   18  ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នាអោយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។   19  ប្រសិនបើអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្តើមយកក្រុងនោះអ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើនៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលអោយសោះ ដ្បិតដើមឈើនៅតាមចំការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។   20  ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះ យកទៅធ្វើជាជញ្ជាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។