1 បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។ 2 «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា 3 "អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតំរង់ទៅទិសខាងជើង។ 4 ចូរបង្គាប់ប្រជាជនថា : អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។ 5 កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេអោយអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនអោយដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរអោយអេសាវកាន់កាប់។ 6 ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ 7 ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គតាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នកគង់នៅជាមួយអ្នកអស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ"។ 8 ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និង អេសស៊ាន-គេប៊ើរដែរ។ បន្ទាប់មក ពួកយើងប្តូរទិស ចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា : "មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេអោយសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេអោយអ្នកទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរអោយកូនចៅរបស់ឡុត ទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ"។ 10 ពីមុនជនជាតិអេមីមរស់នៅក្នុងស្រុកនោះពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និង មានមាឌខ្ពស់ៗដូចជនជាតិអណាក់ដែរ។ 11 អ្នកឯទៀតៗចាត់ទុកពួកនោះ ជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែជនជាតិម៉ូអាប់ហៅពួកគេថាជនជាតិអេមីម។ 12 ពីមុនជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកំទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេដូចជនជាតិអ៊ីស្រាអែលចាប់យកស្រុក ដែលព្រះអម្ចាស់ប្រទានអោយដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។ 13 "ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ"។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។ 14 ចាប់ពីពេលដែលពួកយើងធ្វើដំណើរពីកាដេស-បារណា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម នៅជំនាន់នោះ បានបាត់បង់ជីវិតអស់ដូចព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។ 15 ព្រះអម្ចាស់បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។ 16 ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រាអែល 17 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា : 18 "ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអើរ 19 ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនអោយអ្នក ធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះអោយកូនចៅរបស់ឡុត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ"។ 20 គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថាជនជាតិសាំស៊ូមីម។ 21 ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និង មានមាឌខ្ពស់ៗ ដូចជនជាតិអណាក់។ ព្រះអម្ចាស់បានកំទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្តេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។ 22 ព្រះអម្ចាស់ធ្វើដូច្នេះ សំរាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកំទេចជនជាតិហូរីដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្តេញពួកគេចេញ ហើយតាំងទីលំនៅ នៅក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។ 23 ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កំទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។ 24 "ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និង ជាស្តេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ! 25 ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើអោយជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និង កោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក"»។ 26 «ខ្ញុំបានចាត់អ្នកនាំសារ ពីវាលរហោស្ថានក្តេម៉ូត អោយទៅជួបព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន ដើម្បីទូលស្តេចដោយសំរួល គឺខ្ញុំអោយគេទូលថា : 27 "យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្តាំ ឬ ទៅឆ្វេងទេ។ 28 បើព្រះករុណាផ្គត់ផ្គង់ម្ហូបអាហារ និង ទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ថ្វាយព្រះករុណា យើងខ្ញុំសូមដើរកាត់ស្រុករបស់ព្រះករុណា តែប៉ុណ្ណោះ។ 29 កូនចៅលោកអេសាវ ដែលរស់នៅស្រុកសៀរបានអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតអោយយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំប្រទានអោយយើងខ្ញុំនោះផង"។ 30 ប៉ុន្តែ ព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមអោយពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ជាព្រះនៃអ្នកធ្វើអោយស្តេចនោះមានចិត្តមានះ និង រឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។ 31 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា : "មើល៍យើងបានប្រគល់ស៊ីហុន និង ស្រុករបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នក ឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះ ឥឡូវនេះចុះ"។ 32 ស្តេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។ 33 ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្តេចនោះមកក្នុងកណ្តាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្តេចស៊ីហុន និង កូនរបស់ស្តេច ព្រមទាំងកងទ័ពទាំងមូល។ 34 នៅគ្រានោះ ពួកយើងដណ្តើមយកបាន ក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុនហើយ កំទេចពួកគេ ទាំងប្រុសទាំងស្រី និង ក្មេងថ្វាយផ្តាច់ ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ 35 ពួកយើងរឹបអូសតែហ្វូងសត្វ និង ទ្រព្យ សម្បត្តិពីក្រុងនានាដែលពួកយើងដណ្តើមយកបានប៉ុណ្ណោះ។ 36 ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និង ក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងប្រគល់ក្រុងទាំងនោះមកអោយពួកយើង។ 37 ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬ ក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និង ក្រុងឯទៀតៗដែលព្រះអម្ចាស់ជាព្រះនៃយើង បានហាមឃាត់នោះឡើយ»។