1 «នេះជាច្បាប់ និង វិន័យផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និង ប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់អោយ ទុកជាកម្មសិទ្ធិ។ 2 ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មានដែលប្រជាជាតិនានាថ្វាយសក្ការបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និង នៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកអោយនៅសល់ឡើយ។ 3 ចូរផ្តួលរំលំអាសនៈរបស់ពួកគេ ចូរកំទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមាករនៃព្រះរបស់ពួកគេ និង លុបបំបាត់ឈ្មោះរបស់ព្រះនានាអោយអស់ពីកន្លែងនោះផង។ 4 ក្នុងការគោរពបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតំរាប់តាមជាតិសាសន៍ទាំងនោះឡើយ។ 5 អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់នៅកន្លែងដែលព្រះអង្គបានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ។ 6 ត្រូវយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ឬតង្វាយស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និង ហ្វូងចៀមរបស់អ្នករាល់គ្នាទៅថ្វាយព្រះអង្គនៅកន្លែងនោះ។ 7 ត្រូវបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានពរអោយអ្នករាល់គ្នាទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។ 8 នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ 9 ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្តជាទឹកដី ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានអោយជាកេរមត៌កនៅឡើយទេ។ 10 អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានអោយអ្នករាល់គ្នា ទុកជាកេរមត៌ក។ ព្រះអង្គនឹងអោយអ្នករាល់គ្នាបានសំរាក ដោយរំដោះអ្នករាល់គ្នា អោយរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។ 11 ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និង តង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។ 12 អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និង អ្នកបំរើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។ 13 ចូរប្រយ័ត្ន មិនត្រូវយកតង្វាយដុតរបស់អ្នកទៅថ្វាយ នៅតាមកន្លែងទាំងប៉ុន្មានដែលអ្នកឃើញនោះឡើយ 14 គឺត្រូវថ្វាយតង្វាយដុតរបស់អ្នក តែនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាម នូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ 15 ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានពរអោយអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគបាន តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និង មនុស្សបរិសុទ្ធអាចបរិភោគសាច់នេះបានដូចជាបរិភោគសាច់ក្តាន់ ឬ សាច់ឈ្លូសដែរ។ 16 ចំណែកឯឈាមវិញ កុំបរិភោគឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក។ 17 រីឯតង្វាយមួយភាគដប់ ដែលអ្នកត្រូវថ្វាយព្រះអម្ចាស់ គឺមានស្រូវស្រាទំពាំងបាយជូរថ្មី និង ប្រេង ឬ កូនដំបូងរបស់គោ និង ចៀមឬតង្វាយផ្សេងៗទៀត ដូចជាតង្វាយលាបំណន់តង្វាយស្ម័គ្រចិត្ត និង តង្វាយពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។ 18 ត្រូវបរិភោគតង្វាយទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសគឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបំរើប្រុសស្រី និង ពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។ 19 ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។ 20 នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នកពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគបានតាមចិត្តប៉ងប្រាថ្នា។ 21 ប្រសិនបើកន្លែងដែលព្រះអម្ចាស់ជាព្រះរបស់អ្នកជ្រើសរើស សំរាប់សំដែងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬ ចៀមដែលព្រះអម្ចាស់ប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុករួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅតាមចិត្តប៉ងប្រាថ្នា។ 22 ចូរបរិភោគសាច់សត្វនោះដូចគេបរិភោគសាច់ក្តាន់ និង សាច់ឈ្លូសដែរ គឺ ទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា។ 23 ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ 24 កុំបរិភោគឈាមអោយសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។ 25 កុំបរិភោគឈាមអោយសោះ ធ្វើដូច្នេះ អ្នក និង កូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គលដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 26 ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬ តង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។ 27 ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាម ទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករួចអ្នកបរិភោគសាច់ចុះ។ 28 ចូរស្តាប់ និង កាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីអោយអ្នក និង កូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និង អំពើត្រឹមត្រូវ ដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 29 ព្រះអម្ចាស់ជាព្រះរបស់អ្នក នឹងកំចាត់ប្រជាជាតិនានាចេញអស់ពីស្រុកដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្តេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។ 30 ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្នក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតំរាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបំរើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។ 31 មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបំរើព្រះរបស់ខ្លួនជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យ។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុត ជាសក្ការបូជា ដល់ព្រះទាំងនោះដែរ។ 32 ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និង ប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាដោយឥតបន្ថែម ឬ បន្ថយអ្វីឡើយ»។