1 «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្តាប់តាមបង្គាប់ កាន់តាមច្បាប់វិន័យ និង បទបញ្ជារបស់ព្រះអង្គជានិច្ច។ 2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាព្រមទាំងភាពដ៏ឧត្តុង្គឧត្តម ប្ញទ្ធិបារមី និង តេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និង ឃើញស្នាព្រះហស្តរបស់ព្រះអម្ចាស់ទេ។ 3 អ្នករាល់គ្នាក៏បានឃើញទីសំគាល់ និង ការអស្ចារ្យផ្សេងៗដែលព្រះអង្គធ្វើ នៅស្រុកអេស៊ីបប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប និង ប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ 4 ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើអោយទឹកសមុទ្រកក់ គ្របពីលើពួកគេនៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើអោយគេបរាជ័យរហូតមកដល់សព្វថ្ងៃ។ 5 ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ 6 ព្រះអង្គបានប្រហារដាថាន និង អប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយអោយដីស្រូបពួកគេ ទាំងក្រុមគ្រួសារទាំងតង់ត៍ និង អស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ 7 អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវការអស្ចារ្យដ៏ធំៗដែលព្រះអម្ចាស់បានធ្វើ។ 8 ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីអោយអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ 9 ហើយអោយអ្នករាល់គ្នាមានអាយុយឺនយូរ នៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាប្រទានអោយបុព្វបុរសរបស់អ្នករាល់គ្នានិង អ្នករាល់គ្នាដែលជាពូជពង្សគឺស្រុកដ៏សម្បូណ៌សប្បាយ »។ 10 «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះ មិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែដូចស្រោចច្បារដំណាំដែរ។ 11 រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ ជាស្រុកមានភ្នំ និង ជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចំការ។ 12 ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហប្ញទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។ 13 ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជាដែលខ្ញុំប្រគល់អោយអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយគោរពបំរើព្រះអង្គអស់ពីចិត្ត អស់ពីគំនិត 14 "យើងនឹងប្រទានអោយមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នាតាមរដូវកាល គឺភ្លៀងនៅដើមរដូវ និង ភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និង ប្រេង។ 15 យើងនឹងធ្វើអោយស្មៅដុះនៅតាមវាលស្មៅ សំរាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌"។ 16 ចូរប្រយ័ត្ន កុំបណ្តោយអោយចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបំរើ និង ក្រាបថ្វាយបង្គំព្រះដទៃឡើយ។ 17 បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ឃាំងមេឃ មិនអោយបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផលហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។ »។ 18 ត្រូវទុកអោយព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ ដក់នៅក្នុងចិត្តក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញាជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។ 19 ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយអោយវាស្តាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរពេលអ្នកចូលដំណេក និង ពេលក្រោកពីដំណេក។ 20 ចូរសរសេរព្រះបន្ទូលនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និង លើក្លោងទ្វារក្រុង។ »។ 21 ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់អោយបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។ 22 ប្រសិនបើអ្នករាល់គ្នាកាន់ និង ប្រតិបត្តិតាមយ៉ាងដិតដល់នូវបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំប្រគល់អោយ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រមទាំងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយជំពាក់ចិត្តលើព្រះអង្គ 23 ព្រះអម្ចាស់នឹងបណ្តេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និង មានកម្លាំងខ្លាំងជាងអ្នករាល់គ្នា មកធ្វើជាកម្មសិទ្ធិ។ 24 អ្នករាល់គ្នាដាក់បាតជើងលើកន្លែងណា ដីកន្លែងនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ព្រំប្រទល់របស់អ្នករាល់គ្នាលាតសន្ធឹងចាប់ពីវាលរហោស្ថានរហូតដល់ស្រុកលីបង់ និង ពីទន្លេអឺប្រាត រហូតដល់សមុទ្រមេឌីទែរ៉ាណេ។ 25 គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើអោយប្រជាជននៅក្នុងស្រុកទាំងប៉ុន្មានដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និង កោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។ 26 ឥឡូវនេះ ខ្ញុំដាក់ព្រះពរ និង បណ្តាសានៅមុខអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាជ្រើសរើស។ 27 ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។ 28 ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នា នៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្តាសាមិនខាន។ 29 ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និង បណ្តាសានៅលើភ្នំអេបាល។ 30 ភ្នំទាំងពីរ ស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណានដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបាទល់មុខនឹងគីលកាល់ជិតដើមជ្រៃម៉ូរេ។ 31 អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ទៅចាប់យកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់អោយ រួចហើយត្រូវតាំងទីលំនៅក្នុងស្រុកដែលអ្នករាល់គ្នាចាប់យកបាននោះ។ 32 អ្នករាល់គ្នាត្រូវកាន់ហើយប្រតិបត្តិតាមច្បាប់ និង វិន័យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នានៅថ្ងៃនេះ»។