KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Deuteronomy - ទុតិយកថា 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «នៅគ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា :"ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុនរួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។   2  យើងនឹងសរសេរសេចក្តីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប"។   3  ខ្ញុំក៏បានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។   4  ព្រះអម្ចាស់ បានចារសេចក្តីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលដែលអ្នករាល់គ្នាជួបជុំគ្នា រួចហើយ ព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកអោយខ្ញុំ។   5  ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។   6  ជនជាតិអ៊ីស្រាអែល ចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកាន ឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះលោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។   7  បន្ទាប់មកពួកគេចេញដំណើរពីទីនោះឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។   8  នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវី ទុកដោយឡែក ដើម្បីអោយពួកគេសែងហិបនៃសម្ពន្ធមេត្រី របស់ព្រះអម្ចាស់ អោយពួកគេបំរើព្រះអង្គ និង ជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។   9  ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នកមានព្រះបន្ទូលប្រាប់ពួកគេ។   10  «ខ្ញុំស្ថិតនៅលើភ្នំ ចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់យល់ព្រមស្តាប់តាមពាក្យទូលអង្វររបស់ខ្ញុំ សាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។   11  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា : "ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរអោយពួកគេចូលកាន់កាប់ទឹកដីដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់អោយពួកគេ"»។   12  ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហប្ញទ័យអោយអ្នក គោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយអោយអ្នកស្រឡាញ់ និង គោរពបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្តនិង អស់ពីគំនិត។   13  ព្រះអម្ចាស់សព្វព្រះហប្ញទ័យអោយអ្នកកាន់តាមបទបញ្ជា និង ច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។   14  ផ្ទៃមេឃអាកាសវេហាស៍ដ៏ខ្ពស់បំផុត និង ផែនដីព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក។   15  ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហប្ញទ័យ និង ស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។   16  ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសអោយសោះ   17  ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្តម ប្រកបដោយព្រះចេស្តា និង គួរអោយស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។   18  ព្រះអង្គរកយុត្តិធម៌អោយក្មេងកំព្រា និង ស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និង សម្លៀកបំពាក់អោយពួកគេ។   19  អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។   20  ចូរគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រូវគោរពបំរើព្រះអង្គ ជំពាក់ចិត្តលើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។   21  ចូរលើកតម្កើងតែព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។   22  កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នកបានធ្វើអោយអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។