1 នៅឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ទ្រង់បានយល់សុបិននិមិត្តដែលធ្វើអោយទ្រង់ខ្វល់ព្រះហប្ញទ័យមិនអាចផ្ទំលក់ទៀតបានឡើយ។ 2 ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និង គ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្តេច។ 3 ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ 4 ពួកគ្រូទាយទូលស្តេចវិញជាភាសាអារ៉ាម ថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការអោយយើងខ្ញុំដឹងផង ថាព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ 5 ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសំរេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់អោយយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាអោយទៅជាផេះទៀតផង។ 6 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់អោយយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យយើងនឹងអោយរង្វាន់ដ៏មានតម្លៃ និង យសសក្តិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់អោយយើងដឹងអំពីសុបិន និង អត្ថន័យរបស់វា»។ 7 ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំអោយដឹងពីសុបិននោះមកយើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ 8 ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យាពេលព្រោះតែយើងបានសំរេចដូច្នេះ 9 គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់អោយយើងដឹង អំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើងដើម្បីអោយបានចំណេញពេល។ ឥឡូវនេះត្រូវប្រាប់អោយយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថាអ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ 10 គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដីពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្តេចណាមួយ ទោះបីជាស្តេចដ៏ធំឧត្តុង្គឧត្តម និង មានប្ញទ្ធិអំណាចយ៉ាងណាក្តីធ្លាប់បង្ខំគ្រូមន្តអាគមហោរា និង គ្រូទាយអោយធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។ 11 ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះគ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។ 12 ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ទ្រង់ក៏ចេញបញ្ជាអោយគេប្រហារជីវិតអ្នកប្រាជ្ញ ទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ 13 គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បំរុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និង មិត្តភក្តិរបស់លោកយកទៅសម្លាប់ដែរ។ 14 លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និង វាងវៃថា៖ 15 «ហេតុដូចម្តេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។ 16 លោកដានីយ៉ែលទៅគាល់ព្រះរាជាទូលសូមពន្យា ពេលដើម្បីទុកអោយលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ 17 បន្ទាប់មកលោកទៅផ្ទះវិញ ជំរាបលោកហាណានាលោកមីសាអែល និង លោកអសារា ជាមិត្តភក្តិអោយបានជ្រាបពីហេតុការណ៍នេះ 18 ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកអោយយល់អាថ៌កំបាំងនេះ កុំអោយគេប្រហារជីវិតលោក និង មិត្តភក្តិព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។ 19 ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលអោយដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ។ 20 លោកពោលថា៖ «សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ ! 21 ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និង ព្រះចេស្តា ព្រះអង្គធ្វើអោយពេលវេលា និង រដូវកាល ផ្លាស់ប្តូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្តេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្តេចនានាអោយឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និង ប្រទានចំណេះដល់អ្នកដែលចេះពិចារណា 22 ព្រះអង្គសំដែងអោយស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និង លាក់កំបាំង ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ 23 បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និង លើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និង កម្លាំងមកទូលបង្គំ។ ព្រះអង្គបានសំដែងអោយទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសំដែងអោយយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះរាជាដែរ»។ 24 បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្តេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។ 25 លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំលោកដានីយ៉ែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖«ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលទ្រង់ជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។ 26 ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ ថា៖ «តើលោកពិតជាអាចធ្វើអោយយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ 27 លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះគ្មាន អ្នកប្រាជ្ញ ហោរាគ្រូមន្តអាគម ឬ គ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ 28 ប៉ុន្តែ នៅស្ថានបរមសុខ មានព្រះមួយអង្គ ដែលសំដែងគំរោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានអោយព្រះករុណា នេប៊ូក្នេសាជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្តាប់អំពីសុបិន និង និមិត្តហេតុដ៏អស្ចារ្យដែលព្រះករុណាបានឃើញនៅពេលផ្ទំ ដូចតទៅ : 29 បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសំដែងគំរោងការដ៏លាក់កំបាំង សព្វព្រះហប្ញទ័យអោយព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ 30 ព្រះជាម្ចាស់បានសំដែងអោយទូលបង្គំស្គាល់គំរោងការដ៏លាក់កំបាំងដូច្នេះមិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហប្ញទ័យអោយទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយអោយព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហប្ញទ័យរបស់ព្រះករុណាផ្ទាល់។ 31 បពិត្រព្រះរាជា ក្នុងសុបិននិមិត្តទ្រង់ឃើញរូបបដិមាករមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និង មានសភាពគួរអោយស្ញែងខ្លាច។ 32 ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធទ្រូង និង ដៃធ្វើពីប្រាក់ពោះ និង ភ្លៅធ្វើពីលង្ហិន 33 ជើងទាំងពីរ ធ្វើពីដែក ហើយប្រអប់ជើងទាំងពីរ មានមួយផ្នែកធ្វើពីដែក និង មួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ 34 ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និង ដីឥដ្ឋធ្វើអោយប្រអប់ជើងរបស់រូបបដិមាករបាក់បែកខ្ទេចខ្ទីអស់។ 35 ពេលនោះដែកដីឥដ្ឋ លង្ហិនប្រាក់ និង មាសក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅដូចសំដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមាករនោះបានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។ 36 នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ : 37 បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជ្យសម្បត្តិប្ញទ្ធានុភាពចេស្តា និង សិរីរុងរឿងមកព្រះករុណា។ 38 ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និង បក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្តព្រះករុណាអោយព្រះករុណាគ្រប់គ្រងលើទាំងអស់ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាករ ធ្វើពីមាស។ 39 បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមកមានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ 40 លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកំទេចហើយបំបាក់អ្វីៗទាំងអស់យ៉ាងណារាជាណាចក្រនោះនឹងកំទេចហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ 41 ព្រះករុណាបានទតឃើញប្រអប់ជើង និង ម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និង មួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែរាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ 42 ម្រាមជើងរបស់រូបបដិមាករ មានមួយផ្នែកធ្វើពីដែក និង មួយផ្នែកទៀតធ្វើពីដីឥដ្ឋបានសេចក្តីថារាជាណាចក្រនោះនឹងមានប្ញទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ 43 ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នាដោយសារចំណងស្ពានមេត្រីរបស់មនុស្សតែគេមិនរលាយចូលគ្នាទេ គឺដូចដែកនិង ដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។ 44 ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើអោយរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាច គ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មានដែលមានពីមុនអោយវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ 45 ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំដោយឯកឯង កំទេចដែកលង្ហិនដីឥដ្ឋ និង មាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្តមបានបង្ហាញអោយព្រះករុណាជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និង មានអត្ថន័យគួរអោយជឿទុកចិត្ត»។ 46 ពេលនោះ ព្រះចៅនេប៊ូក្នេសាក្រាបចុះអោនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីយ៉ែល ហើយបញ្ជាអោយគេធ្វើយញ្ញបូជា និង ដុតគ្រឿងក្រអូបដើម្បីគោរពលោក។ 47 ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និង ជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសំដែងគំរោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគំរោងការដ៏លាក់កំបាំងនេះ»។ 48 បន្ទាប់មកព្រះរាជាបានលើកតម្កើងលោកដានីយ៉ែល ព្រមទាំងប្រទានរង្វាន់ដ៏មានតម្លៃយ៉ាងច្រើនដល់លោក។ ស្តេចក៏ប្រទានអោយលោកត្រួតត្រាលើអាណាខេត្តបាប៊ីឡូនទាំងមូល និង អោយលោកធ្វើជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។ 49 លោកដានីយ៉ែលទូលអង្វរស្តេច សូមទ្រង់ប្រទានអោយលោកសាដ្រាក់ លោកមែសាក់ និង លោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនលោកផ្ទាល់នៅបំរើព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។