1 នៅគ្រាចុងក្រោយ មហាទេវតា មីកែលដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិត នឹងត្រូវរួចខ្លួន។ 2 មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរ នឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ចអ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ 3 រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនអោយប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។ 4 ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្តីដែលមានសរសេរទុកក្នុងសៀវភៅនេះអោយជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។ 5 ពេលនោះ ខ្ញុំដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ 6 បុរសម្នាក់ពោលទៅកាន់ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។ 7 ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារឹក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖«ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នំាកន្លះ ហើយនឹងត្រូវចប់នៅពេលដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។ 8 ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះតែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយតើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្តេច?»។ 9 លោកតបមកខ្ញុំវិញថា៖ «លោកដានីយ៉ែលអើយកុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្តីទាំងនេះត្រូវតែលាក់អោយជិតរហូតដល់ពេលចុងក្រោយបំផុត។ 10 ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និង សស្គុះ។ មនុស្សអាក្រក់មិនយល់សេចក្តីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញាទើបយល់។ 11 ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរអោយស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈមានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។ 12 អ្នកណាកាន់ចិត្តរឹងប៉ឹងរហូតដល់មួយពាន់បីរយសាមសិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។ 13 ចំពោះលោកវិញ សូមកាន់ចិត្តអោយបានរឹងប៉ឹង នោះលោកនឹងបានសំរាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់នៅគ្រាចុងក្រោយបំផុត»។