KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Daniel - ដានីយ៉ែល 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅឆ្នាំទីបី នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្តីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។   2  នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។   3  ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។   4  នៅថ្ងៃទីម្ភៃបួន នៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល   5  ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។   6  រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគុបដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកងដូចសំឡេងមនុស្សយ៉ាងច្រើន។   7  ខ្ញុំដានីយ៉ែលបានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំងហើយនាំគ្នារត់ពួនអស់។   8  ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើងផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។   9  ខ្ញុំបានឮលោកនិយាយហើយសំឡេងរបស់លោក ធ្វើអោយខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ អោនមុខដល់ដី។   10  ពេលនោះមានដៃមួយពាល់ខ្ញុំ ធ្វើអោយខ្ញុំលុតជង្គង់ និង ច្រត់ដៃឡើងទាំងញាប់ញ័រ។   11  លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកខ្លាំងណាស់សុំពិចារណា អោយយល់សេចក្តីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំអោយមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញទាំងញាប់ញ័រ។   12  លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្តីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្តាប់ឮពាក្យរបស់លោកហេតុនេះ បានជាខ្ញុំមកជួបលោក។   13  ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតាបានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះ ជាមួយស្តេចនានារបស់ជនជាតិពែរ្ស។   14  ខ្ញុំមកពន្យល់ប្រាប់លោកអោយដឹង អំពីហេតុការណ៍ដែលនឹងកើតមានចំពោះប្រជាជនរបស់លោកទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សំរាប់គ្រានោះដែរ»។   15  ពេលលោកកំពុងរៀបរាប់សេចក្តីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម   16  ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ម្រល់ក្នុងចិត្តគ្មានកម្លាំងកំហែងទៀតទេ។   17  តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្តេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។   18  ពេលនោះលោកដែលមានទ្រង់ទ្រាយដូចមនុស្សបានពាល់ខ្ញុំសាជាថ្មី ធ្វើអោយខ្ញុំមានកម្លាំងឡើងវិញ។   19  រួចហើយលោកពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកខ្លាំងណាស់ សូមអោយលោកបានប្រកបដោយសេចក្តីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលលោកមានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជំរាបលោកថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំប្របាទចុះ ព្រោះលោកម្ចាស់ធ្វើអោយខ្ញុំប្របាទមានកម្លាំងហើយ»។   20  លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។   21  ប៉ុន្តែ ខ្ញុំចង់ជំរាបលោកអោយដឹង អំពីសេចក្តីដែលមានចែងទុក នៅក្នុងក្រាំងនៃសេចក្តីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំ តទល់នឹងពួកនោះទេ។