KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Daniel - ដានីយ៉ែល 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។   2  ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្តេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្តាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។   3  ព្រះមហាក្សត្របានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក អោយនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្តេចអ៊ីស្រាអែល ឬ ជាកូនចៅរបស់ពួកអភិជន មក។   4  យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់មានកម្លាំងអាចបំរើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និង ភាសាខាល់ដេថែមទៀតផង។   5  ព្រះមហាក្សត្របញ្ជាគេអោយយកព្រះស្ងោយ និង ស្រាមួយចំណែកទៅអោយយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាអោយពួកគេទទួលការអប់រំអស់រយ:ពេលបីឆ្នាំ មុននឹងចូលទៅបំរើស្តេច។   6  ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានាមីសាអែល និង អសារា។   7  លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ : ដានីយ៉ែលហៅថាបេលថិស្សាសារហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និង អសារាហៅថាអបេឌ-នេកោ។   8  យុវជនដានីយ៉ែលប្តេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និង ស្រារបស់ពីព្រះមហាក្សត្រទេ ក្រែងនាំអោយគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់អោយបរិភោគម្ហូបអាហារទាំងនោះ។   9  ព្រះជាម្ចាស់ប្រោសប្រទានអោយនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។   10  លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតំរូវអោយខ្ញុំយកម្ហូបអាហារ និង ស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។   11  យុវជនដានីយ៉ែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និង អសារាថា៖   12  «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និង ទឹកអោយយើងខ្ញុំទទួលទានប៉ុណ្ណោះ។   13  បន្ទាប់មកសូមលោកពិនិត្យមើលមុខយើងខ្ញុំ និង មុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំតាមការយល់ឃើញរបស់លោកចុះ!»។   14  លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។   15  លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និង មានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្តេចទៅទៀត។   16  ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និង ស្រារបស់ស្តេចអោយយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និង ទឹកអោយពួកគេប៉ុណ្ណោះ។   17  ព្រះជាម្ចាស់ប្រោសប្រទានអោយយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និង មានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតយុវជនដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និង ចេះកាត់សប្តិដែរ។   18  លុះដល់ពេលដែលព្រះរាជាកំណត់អោយនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូក្នេសា។   19  ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេគ្មាននរណា ម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និង អសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនអោយធ្វើជាព្រះរាជបំរើ។   20  ពេលស្តេចសាកសួរអំពីរឿងអ្វីៗទាំងអស់ដែលត្រូវការតំរិះ និង ប្រាជ្ញាដ៏ជ្រៅជ្រះយុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និង ហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។   21  លោកដានីយ៉ែលរស់នៅក្នុងរាជវាំង រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស។