KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Colossians - កូឡូស 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ និង លោកធីម៉ូថេ   2  សូមជំរាបមកប្រជារាស្ដ្រដ៏វិសុទ្ធ និង បងប្អូនដែលជឿលើព្រះគ្រិស្ដនៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។   3  យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន អោយបងប្អូន   4  ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ ទាំងអស់   5  ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបំរុងទុកសំរាប់បងប្អូននៅស្ថានបរមសុខ ។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិតគឺដំណឹងល្អ   6  ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និង បានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និង ចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។   7  បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដ សំរាប់បងប្អូន។   8  គាត់បានប្រាប់អោយយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។   9  ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និង ទូលអង្វរព្រះជាម្ចាស់ អោយបងប្អូន ឥតឈប់ឈរឡើយ ដើម្បីអោយបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និង តំរិះដែលមកពីព្រះវិញ្ញាណ។   10  សូមអោយបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។   11  សូមអោយបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីអោយបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និង ចេះអត់ធ្មត់ទៀតផង។   12  ចូរអរព្រះគុណព្រះបិតា ដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានអោយបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ នៅក្នុងពន្លឺ។   13  ព្រះអង្គបានរំដោះយើងអោយរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។   14  ដោយយើងរួមក្នុងអង្គព្រះបុត្រាព្រះអង្គបានលោះយើង និង លើកលែងទោសយើងអោយរួចពីបាប។   15  ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក   16  ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្ដិសិទ្ធិ និង អំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ។   17  ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។   18  ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គគឺក្រុមជំនុំ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់   19  ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ គ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រិស្ដ។   20  ព្រះជាម្ចាស់បានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និង នៅស្ថានបរមសុខ អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ គឺព្រះជាម្ចាស់បានធ្វើអោយមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។   21  ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និង អំពើអាក្រក់របស់បងប្អូន។   22  តែឥឡូវនេះព្រះអង្គបានសំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្ស បានសោយទិវង្គត ដើម្បីអោយបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និង អាចឈរនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះអង្គ។   23  ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿអោយបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំអោយឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបំរើដំណឹងល្អនេះដែរ។   24  ឥឡូវនេះ ខ្ញុំមានអំណរ ដោយរងទុក្ខលំបាកសំរាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សំរាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ ។   25  ខ្ញុំបានទទួលមុខងារបំរើក្រុមជំនុំនេះ តាមការចាត់ចែង ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់អោយខ្ញុំធ្វើ គឺណែនាំបងប្អូនអោយស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។   26  នេះហើយជាគំរោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ ទុកតាំងពីយូរអង្វែងតរៀងមក មិនអោយមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញអោយ ប្រជាជនដ៏វិសុទ្ធ របស់ព្រះអង្គស្គាល់។   27  ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។   28  ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្ដនេះហើយយើងដាស់តឿន និង ប្រៀនប្រដៅ មនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើអោយគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ដ។   29  ខ្ញុំធ្វើការនឿយហត់ដើម្បីសំរេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។