1 ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំ ឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរអោយកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ អោយវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ 2 ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្តី ក៏យើងទៅអូសយកមកវិញ ទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្តី ក៏យើងទាញទម្លាក់ចុះមកវិញដែរ។ 3 ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្តី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំអោយយើងឃើញក្តី ក៏យើងប្រើនាគអោយទៅខាំពួកគេដែរ។ 4 ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្តី ក៏យើងប្រើដាវអោយទៅតាមប្រហារពួកគេ យើងនឹងតាមមើលពួកគេជានិច្ច ដើម្បីធ្វើអោយពួកគេវេទនា គឺមិនមែនផ្តល់សេចក្តីសុខទេ»។ 5 ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដី នោះផែនដីរញ្ជួយញាប់ញ័រ ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ ផែនដីកក្រើកឡើង ស្ងប់ទៅវិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។ 6 ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃ ព្រះអង្គដាក់លំហអាកាសនៅលើផែនដី ព្រះអង្គហៅទឹកសមុទ្រ អោយមកស្រោចស្រពផែនដី ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ 7 «កូនចៅអ៊ីស្រាអែលអើយ យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង ជនជាតិអេត្យូពីទេ។ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយយើងក៏បាននាំជនជាតិភីលីស្ទីន ចេញពីស្រុកកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 8 យើងជាព្រះជាអម្ចាស់ យើងតាមមើលនគរ ដែលមានទោស យើងនឹងកំទេចនគរនេះ អោយវិនាសបាត់ពីផែនដី។ ប៉ុន្តែ យើងនឹងមិនកំទេចកូនចៅលោកយ៉ាកុប អោយវិនាសសូន្យទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 យើងបញ្ជាអោយគេរែងពូជពង្សអ៊ីស្រាអែល ក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនអោយជ្រុះដល់ដីដែរ។ 10 មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា អ្នកទាំងនោះពោលថា : "ព្រះអង្គមិនធ្វើអោយទុក្ខវេទនាចូលមកជិត ឬ កើតមានដល់ពួកយើងឡើយ"។ 11 នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ ដែលជិតរលំទៅហើយនោះ ឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះអោយបានល្អដូចដើមវិញ 12 ដើម្បីអោយជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលនឹងសំរេចការទាំងនោះ។ 13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ 14 ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែលជាប់ជាឈ្លើយ អោយត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចំការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចំការ ហើយបរិភោគ ផលផ្លែពីចំការនោះដែរ។ 15 យើងនឹងអោយពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្តេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់អោយពួកគេ នេះទៀតឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។