KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Amos - អេម៉ុស 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អស់អ្នកដែលរស់ ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និង អស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។   2  ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចំរុងចំរើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ?   3  អ្នករាល់គ្នាចង់ពន្យាពេល កុំអោយថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើអោយ រាជ្យដ៏ឃោរឃៅ កាន់តែខិតចូលមកជិត។   4  អ្នករាល់គ្នាសំរាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំ បរិភោគសាច់ចៀម និង កូនគោបំប៉ន។   5  អ្នករាល់គ្នាប្រឹងច្រៀងឡូឡា ទាំងលេងពិណកំដ ចង់ធ្វើដូចស្តេចដាវីឌ។   6  អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស របស់កូនចៅលោកយ៉ូសែបទេ។   7  ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជឹលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។   8  ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុប យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ យើងនឹងប្រគល់សាម៉ារី និង អ្វីៗនៅក្រុងនេះ ទៅក្នុងកណ្តាប់ដៃរបស់សត្រូវ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។   9  ប្រសិនបើក្នុងគ្រួសារមួយ នៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។   10  ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ!   11  ព្រះអម្ចាស់ចេញបញ្ជា នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់ សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។   12  តើគេដែលបំបោលសេះលើផ្ទាំងថ្ម ឬ យកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ បានជាអ្នករាល់គ្នាធ្វើអោយយុត្តិធម៌ ប្រែជាមានជាតិពិស និង អោយច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?   13  អ្នករាល់គ្នាអួតថា ខ្លួនដណ្តើមយកបានក្រុងឡូដាបា ហើយអ្នករាល់គ្នាពោលថា "ពួកយើងវាយយកបានក្រុងកាណាអ៊ីម ដោយសារប្ញទ្ធិអំណាចរបស់ពួកយើង"   14  ពូជពង្សអ៊ីស្រាអែលអើយ យើងនឹងធ្វើអោយប្រជាជាតិមួយងើបឡើង សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។