KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Acts - កិច្ចការ 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ប្រាំថ្ងៃក្រោយមកលោកមហាបូជាចារ្យអាណាណាស និង ពួកព្រឹទ្ធាចារ្យ មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។   2  គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និង ដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៊ិនប្រសប់របស់ឯកឧត្ដម។   3  យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលាមកយើងខ្ញុំ។   4  ប៉ុន្ដែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។   5  យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កអោយកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូលគាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។   6  គាត់ថែមទាំងបានបន្ដុះបង្អាប់ព្រះវិហារ ទៀតផងហេតុនេះ បានជាយើងខ្ញុំចាប់គាត់ ចាយើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ   7  ប៉ុន្ដែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លំាង ធ្វើអន្ដរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ   8  ហើយបានបង្គាប់អោយអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។   9  ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និង បញ្ជាក់ថាពិតជាត្រឹមត្រូវមែន។   10  ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាអោយលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថាឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។   11  ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ   12  ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬ នៅក្នុងទីក្រុងក្ដីគ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬ ក៏បង្កអោយមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។   13  អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។   14  ប៉ុន្ដែ ខ្ញុំបាទសូមជំរាបឯកឧត្ដមថាខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស ខ្ញុំបាទតាមមាគ៌ាមួយដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និង គម្ពីរព្យាការី   15  ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរ ថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតអោយរស់ឡើងវិញ។   16  ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា អោយមានចិត្ដស្អាតបរិសុទ្ធ គ្រប់ជំពូកចំពោះព្រះជាម្ចាស់ និង ចំពោះមនុស្សលោក។   17  ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និង ថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។   18  នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជំរះកាយអោយបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជនឬ កើតវឹកវរអ្វីឡើយ។   19  ប៉ុន្ដែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។   20  ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ   21  លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា "បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ"»។   22  លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេអោយត្រឡប់ទៅវិញ ដោយពោលថា៖«ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។   23  លោកបញ្ជាអោយគេយកលោកប៉ូលទៅឃុំ តែលោកទុកអោយលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកអោយអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបំរុងលោកថែមទៀតផង។   24  ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកអោយគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។   25  ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និង អំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖«ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះកាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។   26  លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេអោយទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។   27  ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្ដសាសន៍យូដា លោកបានទុកលោកប៉ូលអោយនៅជាប់ឃុំឃាំងដដែល។