1 ពេលដែលលោកអប៉ូឡូសនៅ ក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស ខ្លះ ហើយសួរថា៖ 2 «កាលបងប្អូនចាប់ផ្ដើមជឿនោះតើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ 3 លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ 4 លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកអោយអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនអោយជឿលើព្រះអង្គដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ 5 ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ 6 លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេហើយគេនាំគ្នានិយាយភាសាចំឡែកអស្ចារ្យ និង ថ្លែងព្រះបន្ទូលផង។ 7 អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ 8 លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្ដអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ និង ខិតខំណែនាំពួកគេអោយជឿ។ 9 ប៉ុន្ដែ ដោយអ្នកខ្លះនៅតែមានចិត្ដមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែកហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុង សាលាទីរ៉ាណុស 10 លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដាទាំងសាសន៍ក្រិកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ 11 ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល 12 គឺបើគេគ្រាន់តែយកក្រណាត់ ឬ កន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺអ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។ 13 មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖«យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។ 14 កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។ 15 វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូហើយក៏ដឹងថាលោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញឯងជានរណា?»។ 16 អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើអោយអ្នកទាំងនោះរត់ចេញពីផ្ទះរបូតខោ របូតអាវ និង ត្រូវរបួសទៀតផង។ 17 មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ 18 មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន 19 ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្ដអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង ។ 20 មកពីព្រះអម្ចាស់បានសំដែងព្រះចេស្ដាដូច្នេះហើយបានជាព្រះបន្ទូលរីកចំរើន និង មានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។ 21 ក្រោយពីព្រឹត្ដិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលអោយសំរេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និង ស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖«កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។ 22 លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និង លោកអេរ៉ាស្ដុស អោយទៅស្រុកម៉ាសេដូនមុនរីឯលោកលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ 23 នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ 24 មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។ 25 គាត់បានប្រមូលកូនជាងរបស់គាត់ និង អស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ 26 ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំ មហាជនអោយទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេគឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ 27 ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើអោយព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយហើយកិត្ដិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និង សកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ 28 កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំងក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ 29 ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតំរង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និង លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ 30 លោកប៉ូលមានបំណងទៅជួបប្រជាជនប៉ុន្ដែ ពួកសិស្ស បានឃាត់លោកមិនអោយទៅទេ 31 សូម្បីតែមន្ដ្រីក្រុងខ្លះដែលជាមិត្ដភក្ដិរបស់លោក ក៏បានចាត់គេអោយទៅជំរាបលោកមិនអោយទៅលានមហោស្រពដែរ។ 32 នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូក ច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។ 33 ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសអោយចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ 34 ប៉ុន្ដែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូទ្រង់ប្រសើរឧត្ដម!»។ 35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនអោយនៅស្ងៀម ដោយពោលថា៖«បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និង ជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ 36 ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្ដដោយឥតពិចារណាដូច្នេះ។ 37 បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្ដែ គេមិនបានប្លន់ព្រះវិហារ ឬ ក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ 38 ប្រសិនបើលោកដេមេទ្រាស និង ពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌អោយនៅថ្ងៃជំនុំជំរះទៅ!។ 39 ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ 40 បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។ 41 គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំអោយបែកខ្ញែកគ្នាទៅ។
