KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 9 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។   2  ក្នុងចំណោមអ្នកបំរើរបស់ព្រះបាទសូលមានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖«តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណាគឺទូលបង្គំនេះហើយ»។   3  ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្តីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណាមានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាន នៅរស់ លោកខ្វិនជើងទាំងពីរ »។   4  ស្តេចមានរាជឱង្ការថា៖«តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅក្រុងឡូរដេបា»។   5  ព្រះបាទដាវីឌចាត់គេអោយទៅតាមរកលោកមភីបូសែត នៅផ្ទះលោកម៉ាកៀរជាកូនរបស់លោកអាំមាលនៅក្រុងឡូរដេបា។   6  កាលលោកមភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និង ជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកអោនចុះ ក្រាបមុខដល់ដីថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។   7  ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះបាទសូលជាជីតារបស់អ្នកអោយអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។   8  លោកមភីបូសែតក្រាបថ្វាយបង្គំហើយទូលថា៖ «បពិត្រព្រះករុណា ! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។   9  ពេលនោះ ស្តេចត្រាស់ហៅស៊ីបាជាអ្នកបំរើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និង ព្រះញាតិវង្សអោយមភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។   10  ចូរអ្នកព្រមទាំងកូនចៅ និង អ្នកបំរើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចំការនោះអោយមភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសំរាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និង អ្នកបំរើម្ភៃនាក់។   11  គាត់ទូលស្តេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកមភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្តេច»។   12  លោកមភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបំរើរបស់លោក។   13  ដោយលោកមភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមភីបូសែតខ្វិនជើងទាំងពីរ។