KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 8 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេលែងអោយត្រួតត្រាលើតំបន់នោះទៀតផង។   2  ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្តេចបង្ខំអោយពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និង ទុកមួយភាគបីអោយនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។   3  ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និង ជាស្តេចស្រុកសូបាក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។   4  ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរ ចំនួនមួយពាន់ប្រាំពីររយនាក់ និង កងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្តេចបានយកសេះមួយរយក្បាលទុកក្រៅពីនោះស្តេចកាត់សរសៃកែងជើងទាំងអស់។   5  ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្តេចស្រុកសូបាព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។   6  ព្រះបាទដាវីឌបានដាក់ទេសាភិបាល អោយត្រួតត្រាលើស្រុកស៊ីរីជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះនៅគ្រប់កន្លែងដែលស្តេចយាងទៅ។   7  ព្រះបាទដាវីឌរឹបអូសខែលមាសពីពួកបរិវាររបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។   8  ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និង ក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។   9  កាលព្រះបាទថូអ៊ីជាស្តេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ   10  ទ្រង់ក៏ចាត់សម្តេចយ៉ូរ៉ាម ជាបុត្រអោយចូលមកគាល់ព្រះបាទដាវីឌ និង អបអរសាទរចំពោះជ័យជំនះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដារេស៊ើរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និង លង្ហិនមកថ្វាយព្រះបាទដាវីឌ។   11  ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្តេចថ្វាយមាសប្រាក់យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្តេចវាយឈ្នះដែរ   12  គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូនជនជាតិភីលីស្ទីន និង ជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប ស្តេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។   13  ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ទ្រង់ប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើអោយកិត្តិនាមរបស់ស្តេចរឹតតែល្បីល្បាញថែមទៀត។   14  ព្រះបាទដាវីឌបានដាក់ទេសាភិបាលអោយត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានអោយព្រះបាទដាវីឌមានជ័យជំនះនៅគ្រប់កន្លែងដែលស្តេចយាងទៅ។   15  ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រដោយសុចរិត និង យុត្តិធម៌។   16  លោកយ៉ូអាប់កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាតកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។   17  លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និង លោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ ។   18  លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និង ក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មានមុខងារជាបូជាចារ្យ។