1 ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។ 2 ព្រះបាទដាវីឌ និង ពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូលដែលគង់នៅកណ្តាលពួកចេរូប៊ីន ។ 3 គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និង លោកអហ៊ីយ៉ូជាកូនរបស់លោកអប៊ីណាដាប់ជាអ្នកបររទេះថ្មីនោះ។ 4 គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមកដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ 5 ព្រះបាទដាវីឌ និង ប្រជាជនអ៊ីស្រាអែលទាំងមូលសប្បាយរីករាយយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះនិង ឈិង។ 6 កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើអោយហិបនោះផ្អៀងចង់ធ្លាក់។ 7 ពេលនោះព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកអោយស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។ 8 ព្រះបាទដាវីឌរំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាអោយស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា«ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ 9 នៅថ្ងៃនោះព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។ 10 ដូច្នេះ ស្តេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានអោយគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេដ-អេដុម ជាអ្នកស្រុកកាថ។ 11 ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដ-អេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដ-អេដុម និង ក្រុមគ្រួសាររបស់គាត់ទាំងមូល។ 12 មានគេទូលព្រះបាទដាវីឌថា៖«ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដ-អេដុម ព្រមទាំងអ្វីៗដែលគាត់មានដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដ-អេដុមដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។ 13 នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និង កូនគោធាត់មួយមកថ្វាយជាយញ្ញបូជា។ 14 ព្រះបាទដាវីឌរាំ លោតកញ្ឆេងថ្វាយព្រះអម្ចាស់យ៉ាងអស់ពីកម្លាំងកាយដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។ 15 ព្រះបាទដាវីឌ និង ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបរបស់ព្រះអម្ចាស់ ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និង ផ្លុំត្រែយ៉ាងរំពង។ 16 ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីព្រះបាទសូល អើតតាមបង្អួចឃើញព្រះបាទដាវីឌរាំលោតកញ្ឆេង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។ 17 កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លាដែលព្រះបាទដាវីឌបានបំរុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាព។ 18 លុះបានថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។ 19 ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ទាំងប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំបុ័ងមួយដុំនំដំណាប់លម៉ើមួយដុំ និង នំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ 20 ព្រះបាទដាវីឌវិលទៅដំណាក់វិញដើម្បីប្រទានពរដល់ព្រះរាជវង្ស។ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល ចេញមកទទួលស្តេច ទាំងពោលថា៖ «ថ្ងៃនេះ ស្តេចរបស់ជនជាតិអ៊ីស្រាអែលរុងរឿងណាស់! ព្រោះស្តេចបង្ហាញខ្លួនទទេនៅមុខរាជបំរើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។ 21 ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងអោយដឹកនាំជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និង រាជវង្ស។ យើងសំដែងសេចក្តីសប្បាយនេះដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! 22 យើងចង់ដាក់ខ្លួនអោយរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាង ក៏ដោយយ៉ាងហោចណាស់ក៏មានពួកស្រីបំរើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។ 23 ព្រះនាងមិកាល់ជាបុត្រីរបស់ព្រះបាទសូលគ្មានបុត្រឡើយ រហូតដល់ស្លាប់។