KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 5 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលថា៖ «ទូលបង្គំទាំងអស់គ្នា ក៏ជាសាច់សារលោហិតរបស់ព្រះករុណាដែរ។   2  កាលពីមុន នៅគ្រាដែលព្រះបាទសូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា "អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ"»។   3  ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែល ចូលមកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅក្រុងហេប្រូន រួចហើយពួកគេចាក់ប្រេងអភិសេក ព្រះបាទដាវីឌជាស្តេចរបស់ជនជាតិអ៊ីស្រាអែល។   4  នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។   5  នៅក្រុងហេប្រូន ទ្រង់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ទ្រង់សោយរាជ្យបានសាមសិបបីឆ្នាំលើស្រុកយូដា និង ស្រុកអ៊ីស្រាអែលទាំងមូល។   6  ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នក អោយថយក្រោយវិញបានដែរ»។ គេពោលដូច្នេះ មកពីគេគិតថាព្រះបាទដាវីឌមិនអាចដណ្តើមយកទីក្រុងបានឡើយ។   7  ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា"បុរីព្រះបាទដាវីឌ"។   8  នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូសត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និង ពួកខ្វាក់ដែលដាវីឌស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់អ្នកខ្វិនគ្មានសិទ្ធិចូលក្នុងព្រះដំណាក់ទេ!»។   9  ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្តេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្តេចពង្រីកទីក្រុងចាប់តាំងពីមីឡូរហូតដល់ដំណាក់របស់ស្តេច។   10  ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។   11  ព្រះបាទហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារអោយចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។   12  ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្តេចអោយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានអោយរាជសម្បត្តិរបស់ស្តេចបានចំរុងចំរើនឡើង ព្រោះតែអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។   13  ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និង មហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្តេច។   14  នេះជាបញ្ជីរាយនាមបុត្ររបស់ស្តេចដែលប្រសូតនៅក្រុងយេរូសាឡឹមគឺសាំមួរ សូបាប់ណាថានសាឡូម៉ូន   15  យីបហារអេលីសួនេផេកយ៉ាភា   16  អេលីសាម៉ា អេលាដា និង អេលីផាលេត។   17  កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្តេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្តេចយាងទៅជ្រកក្នុងជំរកមួយ។   18  ជនជាតិភីលីស្ទីនមកដល់ហើយបោះទ័ពក្នុងជ្រលងភ្នំរេផែម។   19  ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។   20  ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មកស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើអោយខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថាបាល-ពេរ៉ាស៊ីម។   21  ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេនៅនឹងកន្លែង។ ព្រះបាទដាវីឌ និង ពលទាហានបានប្រមូលយករូបព្រះទាំងនោះ។   22  ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។   23  ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ហើយព្រះអង្គមានព្រះបន្ទូលមកស្តេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។   24  កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិតគឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។   25  ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ទ្រង់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។