KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់ទ្រង់ពិរោធសាជាថ្មីទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌអោយបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្តេចអោយធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និង ប្រជាជនយូដា។   2  ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅជាមួយស្តេច ទ្រង់មានក៏រាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជនដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។   3  លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានអោយប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះហើយអោយព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហប្ញទ័យប្រព្រឹត្តអំពើនេះ?»។   4  ដោយបញ្ជារបស់ស្ដេចមានលក្ខណ:ម៉ឺងម៉ាត់ពេកលោកយ៉ូអាប់ និង មេទ័ពឯទៀតៗត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជាដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។   5  ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំកាដរួចទៅក្រុងយ៉ាស៊ើរ។   6  បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និង ស្រុកថាសធីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និង តំបន់ស៊ីដូន។   7  ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និង ក្រុងនានារបស់ជនជាតិហេវី និង ជនជាតិកាណាន រួចតំរង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។   8  ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។   9  លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែលមានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន៨០០ ០០០ នាក់ និង នៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។   10  ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្តេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសអោយទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។   11  នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌដូចតទៅ៖   12  «ចូរទៅប្រាប់ស្តេចដាវីឌថាព្រះអម្ចាស់មានព្រះបន្ទូលដូតតទៅ :"យើងមានទណ្ឌកម្មបីយ៉ាងសំរាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!"»។   13  លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖«តើព្រះករុណាសព្វព្រះទ័យអោយស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬ ក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែឬក៏ចង់អោយជម្ងឺអាសន្នរោគ កើតឡើងនៅក្នុងស្រុក អស់រយ:ពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំអោយមក»។   14  ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមអោយយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។   15  ព្រះអម្ចាស់បានធ្វើអោយជម្ងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែលចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។   16  កាលទេវតាលើកដៃឡើងបំរុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហប្ញទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតា ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ!ឈប់ប្រហារទៅ!»។ ពេលនោះទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរៅណា ជាជនជាតិយេប៊ូស។   17  កាលព្រះបាទដាវីឌឃើញទេវតាប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និង ក្រុមគ្រួសារទូលបង្គំចុះ!»។   18  នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។   19  ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។   20  កាលលោកអរៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្តេចអោនមុខដល់ដី។   21  លោកអរៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ទ្រង់យាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នកសង់អាសន:មួយថ្វាយព្រះអម្ចាស់ ដើម្បីអោយប្រជាជនរួចផុតពីគ្រោះកាច»។   22  លោកអរៅណាទូលព្រះបាទដាវីឌថា៖«សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហប្ញទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់យករនាស់ និង នឹមធ្វើជាអុស។   23  បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា អោយតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហប្ញទ័យទទួលតង្វាយនេះ!»។   24  ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និង គោអស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។   25  ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្តោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។