KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 20 - Khmer, Central - Old Version - Bible.is - KMHKOV

  1  គ្រានោះ នៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបាជាកូនរបស់លោកប៊ីគ្រីបានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!» ង។   2  ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់ បោះបង់ចោលព្រះបាទដាវីឌនាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្តេចរបស់គេ ហើយតាមដង្ហែស្តេចចាប់តាំងពីទន្លេយ័រដាន់រហូតដល់ក្រុងយេរូសាឡឹម។   3  ពេលព្រះបាទដាវីឌវិលទៅដល់ដំណាក់ នៅក្រុងយេរូសាឡឹមវិញ ស្តេចចាត់គេអោយទៅរកស្រីស្នំទាំងដប់នាក់ ដែលស្តេចបានទុកអោយនៅថែរក្សាដំណាក់។ ស្តេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្តេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងអោយនៅជាស្រីមេម៉ាយរហូតដល់ថ្ងៃស្លាប់។   4  បន្ទាប់មក ស្តេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃអោយមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។   5  លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្តេចប៉ុន្តែ លោកមកមិនទាន់ពេលដែលស្តេចបានកំណត់ទុក។   6  ពេលនោះព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជំរកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។   7  ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និង ពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយដេញតាមលោកសេបាជាកូនរបស់លោកប៊ីគ្រី។   8  នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវ៉ាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។   9  លោកយ៉ូអាប់មានប្រសាសន៍ទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ លោកក៏លូកដៃស្តាំទៅចាប់ពុកចង្ការបស់លោកអម៉ាសាដើម្បីអោប។   10  លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវ ចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់អោយលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។ បន្ទាប់មក លោកយ៉ូអាប់ និង លោកអប៊ីសាយជាប្អូននាំគ្នាបន្តដំណើរទៅមុខដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។   11  មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និង នៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។   12  លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ។ ទាហាននោះសង្កេតឃើញថាទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។   13  នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរ តាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។   14  លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។   15  លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបាដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីអោយខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងអោយរលំ។   16  គ្រានោះមានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្តាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះនាងខ្ញុំមានការចង់ជំរាបលោក»។   17  លោកយ៉ូអាប់ចូលទៅជិតស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្តាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖«និយាយមកចុះ!»។   18  ស្ត្រីនោះពោលបន្តទៀតថា៖ «ពីដើមគេមានទម្លាប់ពោលថា ត្រូវតែពិគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ទើបកិច្ចការបានសំរេច។   19  ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្តីសុខ និង ស្មោះត្រង់ជាងគេក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។   20  លោកយ៉ូអាប់តបថា៖ «ទេ! ខ្ញុំគ្មានបំណងនឹងកំទេចឬបំផ្លាញក្រុងនេះទាល់តែសោះ។   21  ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបាជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកអោយខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះយើងខ្ញុំនឹងបោះក្បាលអ្នកនោះពីលើកំពែងទៅជូនលោក»។   22  នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់ ក លោកសេបាហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្តេច នៅក្រុងយេរូសាឡឹមវិញដែរ។   23  លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាជាមេបញ្ជាការកងពលកេរេធីម និង ពេលេធីម។   24  លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាតជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។   25  លោកសេរ៉ាយ៉ាជាលេខាធិការ លោកសាដុក និង លោកអបៀថើរជាបូជាចារ្យ។   26  លោកអ៊ីរ៉ា ពីអំបូរយ៉ាអៀរ ក៏ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌដែរ។