KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Samuel - សំាយូអែល ទី ២ 19 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មានគេមកជំរាបលោកយ៉ូអាប់ថាស្តេច ទ្រង់ព្រះកន្សែង និង អាឡោះអាល័យស្តេចអាប់សាឡុម។   2  ជ័យជំនះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថាព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។   3  នៅថ្ងៃនោះពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្តីអាម៉ាស់។   4  រីឯស្តេចវិញ ស្តេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុមបុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! »។   5  ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្តេចនៅក្នុងបន្ទប់ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និង ស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើអោយពួកគេត្រូវអាម៉ាស់ទៅវិញ។   6  ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និង ពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្តេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។   7  ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេយប់នេះ នឹងគ្មាននរណាម្នាក់នៅបំរើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។   8  ស្តេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្តេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ ក៏នាំគ្នាមកគាល់ស្តេច។ ពលទាហានអ៊ីស្រាអែលបានបាក់ទ័ពរត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។   9  នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងអោយរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេសរំដោះយើងអោយរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្តេចអាប់សាឡុម។   10  រីឯស្តេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្តេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្តេចមិនទៅយាងព្រះរាជាអោយត្រឡប់មកវិញ?»។   11  រីឯព្រះបាទដាវីឌ ទ្រង់ចាត់គេអោយទៅជំរាបលោកបូជាចារ្យសាដុក និង លោកបូជាចារ្យអបៀថើរដូចតទៅ៖ «ចូរសាកសួរអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្តេចក៏មិនយាងស្តេចចូលក្នុងដំណាក់វិញ? ស្តេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូលហើយ។   12  អស់លោកជាបងប្អូន និង ជាសាច់ញាតិរបស់ស្តេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេក្នុងការយាងស្តេចមកវិញនោះឡើយ។   13  បន្ទាប់មក សូមលោកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា "លោកជាសាច់ញាតិរបស់យើង ដូច្នេះយើងសូមសន្យាថា បើយើងមិនតែងតាំងលោកអោយធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះសូមព្រះជាម្ចាស់ដាក់ទោសយើងចុះ"»។   14  ព្រះបាទដាវីឌធ្វើអោយអ្នកស្រុកយូដាទាំងមូលទន់ចិត្តហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សអោយទៅទូលស្តេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។   15  ដូច្នេះស្តេចយាងត្រឡប់មកវិញ។ ពេលស្តេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្តេចនៅគីលកាល់ ដើម្បីជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។   16  លោកស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ាក្នុងកុលសម្ព័ន្ធបេនយ៉ាមីន នៅបាហ៊ូរីម ក៏ប្រញាប់ប្រញាល់ចុះមកជាមួយពួកយូដាដែរ ដើម្បីថ្វាយបង្គំព្រះបាទដាវីឌ។   17  លោកនាំពួកបេនយ៉ាមីនចំនួនមួយពាន់នាក់ ព្រមទាំងស៊ីបា ជាអ្នកបំរើនៃញាតិវង្សរបស់ព្រះបាទសូល កូនប្រុសទាំងដប់ប្រាំនាក់ និង អ្នកបំរើរបស់គាត់ចំនួនម្ភៃនាក់មកជាមួយផង។ ពួកគេប្រញាប់ប្រញាល់ឆ្លងទន្លេយ័រដាន់ទៅទទួលស្តេច   18  ដើម្បីជួយចម្លងព្រះរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីស្តេច។ ពេលស្តេចឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបថ្វាយបង្គំអោនមុខដល់ដី។   19  គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណានៅថ្ងៃស្តេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។   20  ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែនប៉ុន្តែ ថ្ងៃនេះសូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។   21  លោកអប៊ីសាយជាកូនអ្នកស្រីសេរូយ៉ាទូលស្តេចថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្តាសាស្តេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក!»។   22  ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និង លោកយ៉ូអាប់ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះអោយសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថាខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។   23  បន្ទាប់មក ស្តេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។   24  លោកមភីបូសែតជាចៅរបស់ព្រះបាទសូលបានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្តេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្តេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកមភីបូសែតពុំបានលាងជើងកោរពុកចង្កា ឬ បោកសម្លៀកបំពាក់ទេ។   25  នៅពេលលោកចូលទៅគាល់ស្តេចនៅក្រុងយេរូសាឡឹម ស្តេចសួរលោកថា៖ «មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។   26  លោកទូលស្តេចថា៖«បពិត្រព្រះករុណាជាអម្ចាស់! អ្នកបំរើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងអោយគេចងកែបលាដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន   27  តែអ្នកបំរើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវតា របស់ព្រះជាម្ចាស់ ដូច្នេះសូមព្រះករុណាសំរេចតាមព្រះហឫទ័យចុះ។   28  ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថាពូជពង្សទាំងអស់របស់ព្រះបាទសូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានអោយទូលបង្គំចូលរួមក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។   29  ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសំរេចអោយអ្នក និង ស៊ីបាបែងចែកដីស្រែចំការរបស់ព្រះបាទសូល»។   30  លោកមភីបូសែតទូលថា៖ «អោយគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។   31  លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដបានធ្វើដំណើរពីភូមិរ៉ូគីលីម មកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរស្តេចឆ្លងទៅត្រើយម្ខាង។   32  លោកមានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្តេចគង់នៅក្រុងម៉ាហាណែម លោកផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្តេចត្រូវការ ដ្បិតលោកជាអ្នកមានស្តុកស្តម្ភ។   33  ស្តេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។   34  លោកបាស៊ីឡៃទូលស្តេចថា៖ «បពិត្រព្រះករុណា! តើអោយទូលបង្គំឡើងទៅក្រុងយេរូសាឡឹម ជាមួយព្រះករុណាធ្វើអ្វីទូលបង្គំរស់មិនបានប៉ុន្មានឆ្នាំទៀតទេ!   35  ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬ មិនឆ្ងាញ់ទូលបង្គំលែងដឹងរសជាតិអាហារ និង ស្រាដែលទូលបង្គំទទួលទានហើយទូលបង្គំក៏ស្តាប់សំឡេងអ្នកចំរៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់អោយទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។   36  ទូលបង្គំមកនេះ គឺគ្រាន់តែ ជូនដំណើរព្រះករុណាឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម៉្យាងទៀត ទូលបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេ!   37  សូមព្រះករុណាមេត្តាអនុញ្ញាតអោយទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះក្បែរ ផ្នូរឪពុកម្តាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ អោយតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វាតាមព្រះហឫទ័យរបស់ព្រះករុណាផង»។   38  ស្តេចមានរាជឱង្ការថា៖ «អោយគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។   39  ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្តេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌអោបលោកបារស៊ីឡាយ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។   40  ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្តាល នាំគ្នាដង្ហែស្តេចឆ្លងទន្លេយ័រដាន់។   41  អ្នកស្រុកអ៊ីស្រាអែលទាំងមូល ចូលទៅគាល់ស្តេចហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកអោយតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណាដោយនាំព្រះករុណា និង រាជវង្សានុវង្សឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ?»។   42  ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្តេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្តេចដែរ»។   43  ពេលនោះជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្តេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្តើមគំនិតយាងស្តេចរបស់យើងអោយវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។