KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ :ស្អែកពេលថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំង ក៏ថ្លៃតែមួយកាក់ដែរ»។   2  អង្គរក្សរបស់ស្តេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្តីក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះលោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។   3  នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្តេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្តីស្លាប់នៅទីនេះ?   4  ប្រសិនបើយើងសំរេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុងគ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះយើងក៏ស្លាប់ដែរ។ ដូច្នេះ គួរយើងនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតអោយយើងហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។   5  នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។   6  ពីមុននោះ ព្រះអម្ចាស់បានធ្វើអោយកងពលស៊ីរីនៅក្នុងទីតាំងទ័ពឮស្នូរសន្ធឹករទេះចំបាំង និង ទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្តេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្តេចជនជាតិហេត និង ទ័ពរបស់ស្តេចស្រុកអេស៊ីប អោយមកច្បាំងនឹងយើងហើយ!»។   7  នៅពេលថ្ងៃលិចកងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុដោយបោះបង់ចោលតង់ត៍ព្រមទាំងសេះ និង លាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។   8  ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹករួចជញ្ជូនយកមាសប្រាក់ និង សម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតងត៍មួយទៀតប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។   9  មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំ រហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង។   10  មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និង តង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។   11  អ្នកយាមទ្វារស្រែកប្រាប់អ្នកនៅខាងក្នុង អោយនាំដំណឹងនេះទៅប្រាប់អ្នកនៅក្នុងវាំង។   12  ស្តេចតើនឡើង ទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថានេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថាយើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថាកាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។   13  មានមន្ត្រីម្នាក់ទូលស្តេចថា៖ «សូមអោយគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះអោយទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្តី ក៏សេះទាំងនេះមុខជាងាប់ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅក្នុងក្រុងដែរ »។   14  គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះមកថ្វាយស្តេច ហើយស្តេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរីដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។   15  ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និង របស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាតរប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្តេចចាត់អោយទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្តេច។   16  ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុងទៅដណ្តើមយករបស់របរ នៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះអង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។   17  ស្តេចបញ្ជាអង្គរក្សអោយចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្តេចទៅជួបលោក។   18  ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្តេចថា "ស្អែក ពេលថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ"។   19  ពេលនោះ អង្គរក្សរបស់ស្តេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា"ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្តី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!"។ លោកអេលីសេមានប្រសាសន៍ថា"ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ"។   20  ហេតុការណ៍នេះក៏កើតមានចំពោះគាត់មែន គឺមហាជនបានជាន់គាត់ស្លាប់នៅមាត់ទ្វារក្រុង។