KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ថ្ងៃមួយ ក្រុមព្យាការីជំរាបលោកអេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះ ចង្អៀតណាស់សំរាប់យើងទាំងអស់គ្នា។   2  សូមអនុញ្ញាតអោយយើងនាំគ្នាទៅទន្លេយ័រដាន់កាប់កូនឈើម្នាក់មួយដើមៗយកមកធ្វើកន្លែងស្នាក់នៅ»។ លោកអេលីសេមានប្រសាសន៍ថា៖ «ទៅចុះ!»។   3  មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។   4  លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ពួកគេនាំគ្នាកាប់ដើមឈើ។   5  ពេលនោះមានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។   6  អ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖«តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្តែតឡើង។   7  លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។   8  ក្នុងពេលស្តេចស្រុកស៊ីរី កំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នារួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ព នៅកន្លែងមួយនោះ»។   9  អ្នកជំនិតរបស់ព្រះជាម្ចាស់ចាត់គេអោយទៅទូលស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះអោយសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។   10  ស្តេចស្រុកអ៊ីស្រាអែលចាត់មនុស្សអោយទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្តេចអោយប្រុងប្រយ័ត្នជាមុន។   11  ស្តេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមកហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់អោយខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រាអែល?»។   12  មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់!គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការ ក្នុងក្រឡាបន្ទំព្យាការីអេលីសេ នៅស្រុកអ៊ីស្រាអែលយកទៅទូលស្តេចស្រុកអ៊ីស្រាអែលទាំងអស់»។   13  ស្តេចស្រុកស៊ីរីមានរាជឱង្ការថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សអោយទៅចាប់!»។ គេទូលស្តេចថា៖ «លោកនៅក្រុងដូថាន់»។   14  ស្តេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និង រទេះចំបាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។   15  លុះព្រឹកឡើង អ្នកបំរើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹមចេញមកក្រៅ ឃើញមានពលទាហានមានទ័ពសេះ និង រទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបំរើនោះជំរាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា ៖ «លោកម្ចាស់អើយ!តើយើងត្រូវធ្វើដូចម្តេច?»។   16  លោកឆ្លើយថា៖«កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើងមានគ្នាច្រើនជាងពួកគេទៅទៀត»។   17  លោកអេលីសេអធិស្ឋានថា៖«បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេអោយមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបំរើនោះ ហើយគេក៏មើលឃើញនៅលើភ្នំមានសុទ្ធតែទ័ពសេះ និង រទេះចំបាំងជាភ្លើង ជុំវិញលោកអេលីសេ។   18  ពលទាហានស៊ីរី ចុះតំរង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើអោយពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើអោយពលទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។   19  លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្ស ដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។   20  លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាប្រោសអោយភ្នែករបស់អ្នកទាំងនេះបានភ្លឺផង!»។ ព្រះអម្ចាស់ធ្វើអោយភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថាខ្លួនកំពុងស្ថិតនៅកណ្តាលក្រុងសាម៉ារី។   21  ពេលស្តេចស្រុកអ៊ីស្រាអែល ទតឃើញទាហានស៊ីរីស្តេចមានរាជឱង្ការសួរលោកអេលីសេថា៖ «លោកឪពុក! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។   22  លោកទូលស្តេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើព្រះករុណាគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវដោយព្រួញឬ? សូមព្រះករុណាប្រទាននំបុ័ង និង ទឹកអោយពួកគេបរិភោគ រួចលែងពួកគេអោយវិលទៅជួបម្ចាស់របស់ខ្លួនវិញចុះ»។   23  ស្តេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្តេចអោយពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមកទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។   24  លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្តេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។   25  ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូររហូតដល់ក្បាលសត្វលាមួយឡើងថ្លៃ ជាប្រាក់សុទ្ធ ប៉ែតសិបតម្លឹង ហើយសណ្តែកមួយរង្វាល់ ថ្លៃប្រាំតម្លឹង។   26  ថ្ងៃមួយ ស្តេចស្រុកអ៊ីស្រាអែលកំពុងយាងនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! សូមជួយខ្ញុំម្ចាស់ផង!»។   27  ស្តេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះធ្វើម្តេចអោយយើងជួយនាងបាន? ស្រូវយើងក៏គ្មានស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។   28  ស្តេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា"ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ"។   29  យើងទាំងពីរក៏យកកូនរបស់ខ្ញុំម្ចាស់ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំម្ចាស់ប្រាប់នាងនោះថា "ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ" ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។   30  កាលស្តេចឮពាក្យរបស់ស្ត្រីនោះទ្រង់ក៏ហែកព្រះភូសា។ ពេលនោះ ស្តេចកំពុងតែយាងនៅលើកំពែងក្រុង ដូច្នេះប្រជាជនឃើញព្រះរាជាស្លៀកបាវ។   31  ស្តេចមានរាជឱង្ការថា៖ «យើងសូមស្បថថាថ្ងៃនេះ ប្រសិនបើយើងមិនកាត់កអេលីសេជាកូនរបស់លោកសាផាតទេ នោះ សូមព្រះជាម្ចាស់ដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។   32  ពេលនោះលោកអេលីសេកំពុងអង្គុយជុំគ្នាជាមួយអស់លោកព្រឹទ្ធាចារ្យ នៅក្នុងផ្ទះរបស់លោក។ ស្តេចចាត់មនុស្សម្នាក់អោយទៅសម្លាប់លោកអេលីសេ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់លោកអេលីសេមានប្រសាសន៍ទៅកាន់អស់លោកព្រឹទ្ធាចារ្យថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សអោយមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណារាជបំរើមកដល់ ត្រូវបិទទ្វារអោយជិត កុំអោយគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ម្ចាស់គេក៏មកដល់តាមក្រោយហើយដែរ»។   33  លោកអេលីសេកំពុងមានប្រសាសន៍នៅឡើយ រាជបំរើចូលមកដល់ពោលថា៖ «ព្រះអម្ចាស់បានធ្វើអោយយើងរងទុក្ខវេទនាដូច្នេះ តើអោយយើងសង្ឃឹមអ្វីលើព្រះអង្គទៀត?»។