KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីមព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្តេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីមក៏បះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។   2  គ្រានោះ ព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេជនជាតិស៊ីរី ជនជាតិម៉ូអាប់ និង ជនជាតិអាំម៉ូន អោយប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេអោយមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គ។   3  ព្រះអម្ចាស់ធ្វើអោយទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្តេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត   4  ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យអត់ទោសអោយឡើយ។   5  រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម និង អ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។   6  កាលព្រះបាទយេហូយ៉ាគីម សោយទិវង្គត ព្រះបាទយ៉ូយ៉ាគីន ជាបុត្របានឡើងស្នងរាជ្យ។   7  ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូនដណ្តើមយកបានទឹកដីស្រុកអេស៊ីបចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។   8  កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថានេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។   9  ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។   10  នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។   11  ក្នុងពេលដែលកងទ័ពឡោមព័ទ្ឋក្រុងយេរូសាឡឹមនោះព្រះចៅនេប៊ូក្នេសារបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។   12  ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និង ពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយនៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។   13  ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និង រាជទ្រព្យនៅក្នុងវាំងទ្រង់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាសដែលព្រះបាទសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបានធ្វើ សំរាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។   14  ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ព្រមទាំងពួកសិប្បករ និង ជាងដែកទាំងអស់ដែលមានចំនួនមួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកអោយនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។   15  ព្រះចៅនេប៊ូក្នេសា ក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និង ពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។   16  ស្តេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និង ជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។   17  ស្តេចស្រុកបាប៊ីឡូនតែងតាំងសម្តេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីនអោយឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។   18  ពេលព្រះបាទសេដេគាឡើងសោយរាជ្យទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា។ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្តេចមាននាមថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។   19  ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទយេហូយ៉ាគីមដែរ។   20  ហេតុការណ៍ទាំងនេះកើតមាន មកពីព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និង ស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។