1 នៅគ្រានោះ ព្រះបាទហេសេគា ប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូសមកគាល់ស្តេចទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្តែផ្តាំរាជវង្សានុវង្សអោយហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។ 2 ព្រះបាទហេសេគាបែរព្រះភ័ក្ត្រទៅរកជញ្ជាំងទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ 3 «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយ ថាទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គដោយចិត្តស្មោះស្ម័គ្រ និង ចិត្តទៀងត្រង់ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។ 4 ពេលនោះព្យាការីអេសាយមិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដូចតទៅ ៖ 5 «ចូរវិលទៅប្រាប់ស្តេចហេសេគាជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា : ព្រះអម្ចាស់ជាព្រះរបស់ស្តេចដាវីឌដែលជាអយ្យកោរបស់ព្រះករុណាទ្រង់មានព្រះបន្ទូលដូចតទៅ : "យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកអោយបានជាហើយនៅថ្ងៃទីបី អ្នកនឹងឡើងទៅកាន់ដំណាក់ព្រះអម្ចាស់។ 6 យើងនឹងបន្ថែមអាយុអោយអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ អោយរួចពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និង យល់ដល់ដាវីឌ ជាអ្នកបំរើយើង"»។ 7 ព្យាការីអេសាយបង្គាប់ទៅរាជបំរើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។ 8 ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសំគាល់អ្វីដែលនាំអោយយើងដឹងថាយើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅថ្ងៃទីបី?»។ 9 ព្យាការីអេសាយទូលស្តេចថា៖ «នេះជាទីសំគាល់ដែលព្រះអម្ចាស់ប្រទានមកព្រះករុណា ដើម្បីអោយព្រះករុណាជ្រាបថាព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូលរបស់ព្រះអង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោងនឹងដើរទៅមុខដប់កាំ ឬ ថយក្រោយដប់កាំ?»។ 10 ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំជាការងាយស្រួលទេ។ ដូច្នេះ សូមអោយស្រមោលដើរថយក្រោយដប់កាំវិញ»។ 11 ពេលនោះព្យាការីអេសាយទូលអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើអោយស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ។ 12 នៅគ្រាដដែលនោះ ស្តេចស្រុកបាប៊ីឡូនគឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និង តង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្តេចជ្រាបដំណឹងថាព្រះបាទហេសេគាទ្រង់ប្រឈួន។ 13 ព្រះបាទហេសេគាទទួលរាជទូតស្រុកបាប៊ីឡូន អោយចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្តេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និង ប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និង អ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និង ក្នុងនគរអោយរាជទូតរបស់ស្តេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។ 14 បន្ទាប់មកព្យាការីអេសាយចូលមកគាល់ព្រះបាទហេសេគា ទូលសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្តេចខ្លះ?»។ ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយដើម្បីមកគាល់យើងគឺមកពីស្រុកបាប៊ីឡូន»។ 15 លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ អោយពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។ 16 ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចតទៅ: 17 ព្រះអម្ចាស់មានព្រះបន្ទូលថានៅគ្រាខាងមុខរាជទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និង ភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុកនឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ 18 គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលឹក នៅក្នុងវាំងរបស់ស្តេចស្រុកបាប៊ីឡូនដែរ»។ 19 ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលដែលយើងនៅមានជីវិតនោះនៅតែមានសន្តិភាព និង សុខសាន្តត្រាណ មែនទេ?»។ 20 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និង វិរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និង ប្រឡាយដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 21 កាលព្រះបាទហេសេគាសោយទិវង្គត ព្រះបាទម៉ាណាសេជាបុត្របានឡើងស្នងរាជ្យ។