1 នៅគ្រាដែលព្រះអម្ចាស់អោយខ្យល់កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខនោះ លោកអេលីយ៉ា និង លោកអេលីសេចាកចេញពីគីលកាល់ទៅជាមួយគ្នា។ 2 លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំអោយទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និង ក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថាខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ 3 មានព្យាការីមួយក្រុមនៅបេតអែលចេញមកជួបលោកអេលីសេ ជំរាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរមិនបាច់ប្រាប់ទេ!»។ 4 លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំអោយទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និង ក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថាខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។ 5 មានព្យាការីមួយក្រុមនៅក្រុងយេរីខូនាំគ្នាមកជិតលោកអេលីសេ ជំរាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ 6 លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំអោយទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និង ក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ 7 មានព្យាការីហាសិបនាក់ ដើរតាមពីក្រោយហើយឈរពីចម្ងាយ។ លោកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។ 8 ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។ 9 កាលលោកទាំងពីរឆ្លងផុតហើយលោកអេលីយ៉ាមានប្រសាសន៍ ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំចូរសុំអោយបានមុនពេលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាអោយវិញ្ញាណដែលស្ថិតនៅលើលោកមកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។ 10 លោកអេលីយ៉ាមានប្រសាសន៍ថា៖«សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំ ក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសំរេច។ ផ្ទុយទៅវិញប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសំរេចដែរ»។ 11 ក្នុងពេលដែលលោកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរអោយឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចលោកអេលីយ៉ា ឡើងទៅស្ថានបរមសុខ។ 12 កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖«លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចំបាំង និង ទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មកលោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ 13 រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។ 14 លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលដែលលោកវាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។ 15 ក្រុមព្យាការី ដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ធិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក 16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់សូមលោកអនុញ្ញាតអោយគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេអោយទៅអី!»។ 17 ប៉ុន្តែដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេអោយទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះអោយទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។ 18 អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖«ខ្ញុំបានប្រាប់អ្នករាស់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។ 19 អ្នកក្រុងយេរីខូជំរាបលោកអេលីសេថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះដីមិនបង្កើតភោគផលឡើយ»។ 20 លោកមានប្រសាសន៍ថា៖ «ចូរទៅយកចានគោមថ្មីមួយមកអោយខ្ញុំ ហើយដាក់អំបិលផង!»។ គេក៏ទៅយកមកជូនលោក។ 21 លោកចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹកទាំងមានប្រសាសន៍ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា"យើងនឹងធ្វើអោយទឹកនេះល្អឡើងវិញ គឺមិនបង្កអោយអ្វីៗស្លាប់ ឬ ក៏ធ្វើអោយដីឥតបង្កើតភោគផលទៀតដែរ"»។ 22 ទឹកក៏ល្អ រហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលលោកអេលីសេបានថ្លែង។ 23 លោកអេលីសេធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះមានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថលោកថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។ 24 លោកបែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្តាសាវាក្នុងនាមព្រះអម្ចាស់។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមកហែកក្មេងទាំងនោះអស់សែសិបពីរនាក់។ 25 លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។