KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 19 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កាលព្រះបាទហេសេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះភូសាចោលយកបាវមកស្លៀករួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។   2  ព្រះរាជាចាត់លោកអេលាគីមដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និង លោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា អោយទៅជួបព្យាការីអេសាយជាកូនរបស់លោកអម៉ូស។   3  ពួកគេជំរាបលោកដូចតទៅ៖«ព្រះបាទហេសេគាមានរាជឱង្ការថា : ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និង អាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្តាយគ្មានកម្លាំងបង្កើតវាមកទេ។   4  ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព អោយមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោក ឮ ពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។   5  មន្ត្រីរបស់ព្រះបាទហេសេគាក៏នាំគ្នាទៅជួបលោកអេសាយ   6  ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថាព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ : "កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។   7  បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើអោយស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវ នៅស្រុកនោះ"»។   8  មេទ័ពបានវិលទៅជួបស្តេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។   9  ពេលនោះស្តេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពីកំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី   10  ទ្រង់ក៏ចាត់អ្នកនាំសារ អោយទៅទូលព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា៖ «សូមកុំបណ្តោយអោយព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា "ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីទេ"។   11  ព្រះករុណាជ្រាបស្រាប់ហើយថា ស្តេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗបាន បំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្តាច់ ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?   12  ពេលពួកអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ានរេសែប និង ក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។   13  រីឯស្តេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និង ក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។   14  ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារយកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។   15  ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែលគង់នៅលើពួកចេរូប៊ីន អើយ! មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និង ផែនដី។   16  ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសានហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ!   17  ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និង បំផ្លាញទឹកដីរបស់គេ   18  ព្រមទាំងយកព្រះរបស់គេទៅដុតអោយវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើឬ ថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។   19  ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំអោយរួចផុតពីកណ្តាប់ដៃរបស់ស្តេចសានហេរីបផង ដើម្បីអោយនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថាមានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់!»។   20  ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៊ូស បានចាត់គេអោយទៅទូលព្រះបាទហេសេគាថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ : យើងបានឮពាក្យដែលអ្នកទូលអង្វរយើង ស្តីអំពីសានហេរីបជាស្តេចរបស់ស្រុកអាស្ស៊ីរីហើយ"។   21  ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្តេចនោះថា : សានហេរីបអើយ ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី ប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកអោយអ្នក។   22  តើអ្នកបានជេរ និង ត្មះតិះដៀលនរណា? តើអ្នកស្រែកក្តែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែល!   23  អ្នកបានចាត់ពួកនាំសាររបស់អ្នក អោយមកជេរព្រះអម្ចាស់ ហើយអ្នកពោលថា: ដោយអញមានរទេះចំបាំងដ៏ច្រើន អញឡើងទៅលើកំពូលភ្នំ អញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅ និង ដើមស្រឡៅដ៏ល្អៗ អញនឹងឡើងទៅដល់ចុងកំពូល ហើយចូលទៅដល់ព្រៃស្រោង។   24  អញបានជីកអណ្តូង ហើយផឹកទឹករបស់សាសន៍ដទៃ ពេលអញឈានជើងជាន់តំបន់ទន្លេនីល នោះទឹកទន្លេរីងអស់ជាមិនខាន។   25  សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និង រៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើអោយសំរេច ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ អោយក្លាយទៅជាគំនរឥដ្ឋ។   26  អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬ ដូចរុក្ខជាតិនៅតាមចំការ និង ដូចស្មៅដុះនៅលើដំបូលផ្ទះ ឬ ដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។   27  ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់! ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬ ចូល ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ   28  ដ្បិតអ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និង យកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។   29  ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយអោយអ្នកឃើញ គឺឆ្នាំនេះអ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយអ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯងតែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។   30  អ្នកស្រុកយូដាដែលបានរួចជីវិត និង នៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ប្ញសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។   31  ដោយព្រះហប្ញទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកអោយប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយអោយប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។   32  ចំពោះស្តេចអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា "ស្តេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមកឬប្រើខែលនិង លើកដីដើម្បីវាយលុកក្រុងនេះដែរ"។   33  ស្តេចនោះនឹងវិលត្រឡប់ទៅវិញតាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់   34  យើងនឹងការពារហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និង យល់ដល់ដាវីឌ ជាអ្នកបំរើរបស់យើងដែរ"»។   35  នៅយប់នោះ ទេវតា របស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលភ្ញាក់ពីដំណេកគេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។   36  ព្រះចៅសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។   37  ថ្ងៃមួយ ពេលស្តេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្តេច គឺអ័ឌរ៉ាម៉ាឡេក និង សារេស៊ើរ បានធ្វើគុតស្តេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ ព្រះរាជបុត្រមួយអង្គទៀតព្រះនាមអេសារ-ហាដោន ឡើងស្នងរាជ្យ។