KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 18 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅឆ្នាំទីបីនៃរជ្ជកាល្រពះបាទហូស៊ា ជាកូនរបស់លោកអេឡា និង ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគាជាបុត្ររបស់ព្រះបាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។   2  កាលស្តេចឡើងសោយរាជ្យទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការី។   3  ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។   4  ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា «នេហ៊ូសថាន់»។   5  ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្តេចស្រុកយូដាទាំងប៉ុន្មាន គឺស្តេចដែលសោយរាជ្យមុន ឬស្តេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្តេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាបានទេ។   6  ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្តេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។   7  ព្រះអម្ចាស់គង់នៅជាមួយស្តេច ដូច្នេះ ស្តេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្តេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្តេចនោះ។   8  ស្តេចបានវាយយកស្រុកភីលីស្ទីន រហូតដល់ក្រុងកាសា និង ទឹកដីដែលនៅជុំវិញគឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។   9  នៅឆ្នាំទីបួន នៃរជ្ជកាលព្រះបាទហេសេគាត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្តេចស្រុកអ៊ីស្រាអែលព្រះចៅសាលម៉ានេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និង ឡោមព័ទ្ធក្រុងសាម៉ារី។   10  កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ជាស្តេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។   11  ស្តេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរីអោយពួកគេរស់នៅក្រុងហាឡា និង នៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។   12  ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដ្បិតពួកគេពុំព្រមស្តាប់ ឬ ប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គ។   13  នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានលើកទ័ពមកវាយដណ្តើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។   14  ព្រះបាទហេសេគា ជាស្តេចស្រុកយូដាចាត់អ្នកនាំសារអោយទៅទូលស្តេចស្រុកអាស្ស៊ីរី នៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្តេចស្រុកអាស្ស៊ីរីក៏បង្គាប់អោយព្រះបាទហេសេគាជាស្តេចស្រុកយូដាបង់ពន្ធ ជាប្រាក់សុទ្ធប្រាំបួនតោន និង មាសសុទ្ធប្រាំបួនរយគីឡូក្រាម។   15  ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និង ក្នុងឃ្លាំងរាជទ្រព្យទៅថ្វាយស្តេចស្រុកអាស្ស៊ីរី។   16  នៅគ្រានោះព្រះបាទហេសេគាគាស់មាសដែលស្តេចបានស្រោបនៅក្លោងទ្វារ និង ក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់យកទៅថ្វាយស្តេចស្រុកអាស្ស៊ីរី។   17  ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និង រាជបំរើផ្ទាល់របស់ស្តេច ពីកន្លែងបោះទ័ពនៅឡាគីសអោយមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើន មកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើតាមផ្លូវទៅចំការរបស់អ្នកជ្រលក់ល័ក្ខ   18  ហើយស្រែកហៅស្តេចស្រុកយូដា។ ពេលនោះ លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណាជាស្មៀនហ្លួង និង លោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្តេច ទៅជាមួយផង។   19  មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ :ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរីមានរាជឱង្ការថា "តើព្រះករុណាពឹងផ្អែកលើអ្វីបានជាមានព្រះហប្ញទ័យអង់អាចបែបនេះ?   20  តើព្រះករុណាស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និង កម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ?   21  ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោនជាស្តេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំអោយតែធ្លុះបាតដៃប៉ុណ្ណោះ។   22  ប្រហែលជាព្រះករុណាមានរាជឱង្ការថា"យើងទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់យើង!"។ ប៉ុន្តែ តើព្រះករុណាពុំបានអោយគេកំទេចកន្លែងសក្ការៈ និង អាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអោយអ្នកស្រុកយូដា និង អ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំតែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?"   23  ឥឡូវនេះសុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!   24  ទោះបីព្រះករុណាពឹងលើរទេះចំបាំងនិង កងទ័ពសេះរបស់ស្រុកអេស៊ីបក្តី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។   25  មួយវិញទៀត យើងលើកទ័ពមកវាយកំទេចកន្លែងនេះ ស្របតាមព្រះហប្ញទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់អោយយើងមកវាយកំទេចក្រុងនេះ»។   26  ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និង លោកយ៉ូអាពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្តាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។   27  មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើង ប្រើយើងអោយមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្តេចរបស់អស់លោក ឬ ក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាអោយយើងមកប្រាប់ជនទាំងអស់ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។   28  បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និង ស្រែកក្តែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរី ដូចតទៅ :   29  ព្រះករុណាមានរាជឱង្ការថា កុំទុកអោយស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាអោយរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។   30  កុំទុកអោយស្តេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា "ព្រះអម្ចាស់ពិតជានឹងរំដោះយើងព្រះអង្គមិនបណ្តោយអោយក្រុងនេះធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ"។   31  កុំស្តាប់ស្តេចហេសេគាអោយសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា "ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និង ផ្លែឧទុម្ពរ របស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្តូងរបស់ខ្លួនដែរ។   32  រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និង ស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និង ចំការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និង ទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្តាប់ស្តេចហេសេគាអោយសោះ ដ្បិតស្តេចនេះបញ្ឆោតអ្នករាល់គ្នាដោយពោលថា "ព្រះអម្ចាស់នឹងរំដោះយើង"។   33  ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេអោយរួចពីព្រះហស្តរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និង ក្រុងអើផាឌទៅណាបាត់អស់ហើយ?   34  តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និង ក្រុងអ៊ីវ៉ា ទៅណាបាត់អស់ហើយ? ម្តេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារីអោយរួចពីកណ្តាប់ដៃរបស់យើង?។   35  ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន អោយរួចផុតពីកណ្តាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹម អោយរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។   36  ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគាបានបង្គាប់ពួកគេមិនអោយឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។   37  លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និង លោកយ៉ូអា កូនរបស់លោកអេសាភជាអ្នកនាំពាក្យរបស់ស្តេចនាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។