1 នៅឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអហាស ជាស្តេចស្រុកយូដាព្រះបាទហូស៊ា ជាកូនរបស់លោកអេឡាឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារីទ្រង់សោយរាជ្យបានប្រាំបួនឆ្នាំ។ 2 ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ តែពុំអាចប្រៀបស្មើនឹងស្តេចអ៊ីស្រាអែលមុនៗទេ។ 3 គ្រានោះ ព្រះចៅសាលម៉ានេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះបាទហូស៊ា។ ព្រះបាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារអាករទៅថ្វាយស្តេចស្រុកអាស្ស៊ីរីផង។ 4 ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីជ្រាបថា ព្រះបាទហូស៊ាមានគំនិតក្បត់ ដ្បិតព្រះបាទហូស៊ាចាត់អ្នកនាំសារអោយទៅគាល់ព្រះចៅសូជាស្តេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករទៅថ្វាយស្តេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្តេចស្រុកអាស្ស៊ីរីអោយគេឃុំឃាំងព្រះបាទហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។ 5 បន្ទាប់មក ស្តេចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ 6 នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្តេចស្រុកអាស្ស៊ីរី វាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរីអោយពួកគេរស់នៅក្រុងហាឡា និង នៅតាមដងទន្លេហាបោជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។ 7 ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និង រំដោះពួកគេអោយរួចពីកណ្តាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។ 8 ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្តេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។ 9 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗនៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាមរហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។ 10 ពួកគេនាំគ្នាដំឡើងស្តូប និង បង្គោលថ្វាយព្រះអាសេរ៉ានៅលើកំពូលភ្នំទាំងឡាយ និង នៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ 11 នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើយញ្ញបូជា និង ដុតគ្រឿងក្រអូបដូចប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ 12 ពួកគេនាំគ្នាគោរពបំរើព្រះក្លែងក្លាយ ជាអំពើដែលព្រះអម្ចាស់ហាមមិនអោយធ្វើ។ 13 ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និង ជនជាតិយូដាតាមរយៈព្យាការី និង គ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និង ច្បាប់របស់យើងព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់អោយដូនតារបស់អ្នករាល់គ្នា និង អ្នករាល់គ្នាផ្ទាល់តាមរយៈពួកព្យាការីជាអ្នកបំរើរបស់យើង»។ 14 ប៉ុន្តែ ពួកគេពុំស្តាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេដែលមិនព្រមជឿលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ 15 ពួកគេបានបោះបង់ចោលច្បាប់របស់ព្រះអង្គ ពួកគេផ្តាច់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការដែលបណ្តាលអោយខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញជាប្រជាជាតិដែលព្រះអម្ចាស់បានហាមឃាត់មិនអោយពួកគេយកតំរាប់តាម។ 16 ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និង គោរពបំរើព្រះបាល។ 17 ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និង ប្រើមន្តអាគម។ ពួកគេបណ្តោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ជាហេតុបណ្តាលអោយព្រះអង្គទ្រង់ព្រះពិរោធ។ 18 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គនៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។ 19 រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។ 20 ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើអោយពួកគេអាម៉ាស់ដោយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ 21 កាលព្រះអម្ចាស់ផ្តាច់ជនជាតិអ៊ីស្រាអែលចេញពីរាជវង្សរបស់ព្រះបាទដាវីឌ ជនជាតិអ៊ីស្រាអែលបានតែងតាំងព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតឡើងជាស្តេច។ ព្រះបាទយេរ៉ូបោមបានអូសទាញជនជាតិអ៊ីស្រាអែល អោយឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រមទាំងនាំពួកគេអោយប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទៀតផង។ 22 កូនចៅអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាំងប៉ុន្មានដែលព្រះបាទយេរ៉ូបោមបានប្រព្រឹត្ត គឺពួកគេពុំបានងាកចេញពីអំពើទាំងនោះឡើយ។ 23 ហេតុនេះព្រះអម្ចាស់បណ្តេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងតាមរយៈព្យាការីទាំងអស់ជាអ្នកបំរើរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួននាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។ 24 ស្តេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និង ក្រុងសេផាវែមអោយមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។ 25 នៅគ្រាដំបូងដែលពួកគេមកតាំងទីលំនៅក្នុងស្រុកសាម៉ារី ពួកគេមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏ប្រើសឹង្ហអោយមកប្រហារពួកគេ។ 26 មានគេទូលស្តេចស្រុកអាស្ស៊ីរីថា៖ «ប្រជាជាតិទាំងឡាយដែលព្រះករុណាជន្លៀសអោយទៅតាំងទីលំនៅតាមក្រុងនានា ក្នុងស្រុកសាម៉ារី ពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះទេ។ ព្រះនៅស្រុកនោះប្រើសឹង្ហអោយមកប្រហារពួកគេ ដ្បិតពួកគេពុំស្គាល់របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។ 27 ស្តេចស្រុកអាស្ស៊ីរីបង្គាប់ថា៖ «ចូរនាំបូជាចារ្យសាម៉ារីម្នាក់ ដែលអ្នករាល់គ្នាកៀរយកទៅ អោយវិលមកស្រុកវិញ ដើម្បីបង្ហាត់បង្រៀន របៀបគោរពថ្វាយបង្គំព្រះរបស់ស្រុកនោះ»។ 28 ដូច្នេះគេទៅនាំបូជាចារ្យម្នាក់ដែលគេបានកៀរពីស្រុកសាម៉ារី អោយវិលមករស់នៅបេតអែលវិញ។ បូជាចារ្យនោះបង្ហាត់បង្រៀនពួកគេ អំពីរបៀបដែលត្រូវគោរពកោតខ្លាចព្រះអម្ចាស់។ 29 ប៉ុន្តែ ប្រជាជាតិនីមួយៗបានធ្វើរូបសំណាកព្រះរបស់ខ្លួន យកទៅតម្កល់ក្នុងកន្លែងសក្ការៈតាមទួលខ្ពស់ៗដែលអ្នកស្រុកសាម៉ារីពីមុនបានសង់។ ប្រជាជាតិនីមួយៗធ្វើដូច្នេះ នៅតាមក្រុងនានាដែលពួកគេរស់នៅ។ 30 អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ ធ្វើរូបព្រះអស៊ីម៉ា។ 31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និង ព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និង ព្រះអណាម៉ាឡេកជាព្រះនៃក្រុងសេផាវែម។ 32 ប្រជាជាតិទាំងនោះក៏គោរពកោតខ្លាចព្រះអម្ចាស់ដែរ ព្រមទាំងតែងតាំងអ្នកខ្លះ ក្នុងចំណោមពួកគេអោយធ្វើជាបូជាចារ្យនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីថ្វាយយញ្ញបូជាក្នុងនាមរបស់ពួកគេនៅតាមកន្លែងទាំងនោះ។ 33 ពួកគេគោរពកោតខ្លាចព្រះអម្ចាស់ផង និង គោរពព្រះរបស់ពួកគេតាមទំនៀមទម្លាប់ជាតិដើមរបស់ពួកគេផង។ 34 រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចព្រះអម្ចាស់ មិនប្រាកដជាប្រតិបត្តិតាមច្បាប់ និង វិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមក្រឹត្យវិន័យ និង បទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកកូនចៅលោកយ៉ាកុប ដែលព្រះអង្គប្រទានឈ្មោះថាអ៊ីស្រាអែល ម។ 35 ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយកូនចៅលោកយ៉ាកុប ព្រមទាំងបញ្ជាដល់ពួកគេថា៖ «មិនត្រូវគោរពកោតខ្លាចព្រះដទៃ ហើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះទាំងនោះដែរ។ មិនត្រូវគោរពបំរើ និង ថ្វាយយញ្ញបូជាដល់ព្រះទាំងនោះឡើយ។ 36 ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និង តេជានុភាពដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និង ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ 37 រីឯបញ្ញត្តិច្បាប់ វិន័យ ក្រឹត្យវិន័យ និង បទបញ្ជាដែលព្រះអង្គបានចែងទុកសំរាប់អ្នករាល់គ្នានោះត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។ 38 កុំបំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នាអោយសោះ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។ 39 ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាអោយរួច ផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន»។ 40 ប៉ុន្តែ ពួកគេពុំស្តាប់តាមទេ គឺពួកគេនៅតែប្រព្រឹត្តតាមទំនៀមទម្លាប់ដើមរបស់ខ្លួនដដែល។ 41 ប្រជាជាតិទាំងនោះគោរពកោតខ្លាចព្រះអម្ចាស់ផង គោរពបំរើរូបព្រះរបស់គេផង។ កូនចៅរបស់ពួកគេនៅតែធ្វើរបៀបនេះរហូតមកដល់សព្វថ្ងៃ ដូចដូនតារបស់ខ្លួនដែរ។