KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលព្រះបាទយេហ៊ូវជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯមាតារបស់ស្តេចមាននាមថា ស៊ីបយ៉ាជាអ្នកស្រុកបៀរសេបា។   2  ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់អស់មួយជីវិត ដូចលោកបូជាចារ្យយេហូយ៉ាដាបានបង្ហាត់បង្រៀន។   3  ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និង ដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។   4  ព្រះបាទយ៉ូអាសមានរាជឱង្ការទៅកាន់ពួកបូជាចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសំរាប់ព្រះដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្សស្របតាមការវាយតម្លៃ និង តង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះដំណាក់របស់ព្រះអម្ចាស់   5  នោះអោយក្រុមបូជាចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។   6  ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ក្រុមបូជាចារ្យពុំទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់នៅឡើយទេ។   7  ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅអស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះ សំរាប់ការជួសជុលព្រះដំណាក់វិញ»។   8  ដូច្នេះ ពួកបូជាចារ្យក៏ឈប់ទទួលប្រាក់ពីប្រជាជន និង លែងទទួលបន្ទុកលើការជួសជុលព្រះដំណាក់ទៀត។   9  លោកបូជាចារ្យយេហូយ៉ាដា យកហិបមួយចោះរន្ធលើគំរប រួចដាក់នៅខាងស្តាំអាសន: ត្រង់មាត់ទ្វារចូលព្រះដំណាក់។ ពួកបូជាចារ្យ ជាអ្នកយាមនៅមាត់ទ្វារដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះដំណាក់ ក្នុងហិបនោះ។   10  កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និង មហាបូជាចារ្យក៏មកទទួលប្រាក់នៅក្នុងព្រះដំណាក់ យកទៅរាប់ រួចទុកក្នុងថង់មួយ។   11  បន្ទាប់មក លោកប្រគល់ប្រាក់នោះអោយពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសំរាប់ជួលជាងឈើ និង ជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់   12  ព្រមទាំងជួលជាងកំបោរជាងដាប់ថ្មហើយទិញឈើ និង ថ្មដាប់សំរាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រាក់នេះក៏ប្រើសំរាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលព្រះដំណាក់ឡើងវិញ។   13  ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅធ្វើពានប្រាក់កាំបិតថូ ត្រែឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាសប្រាក់សំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ។   14  គេប្រគល់ប្រាក់នេះ អោយអស់អ្នកដែលទទួលបន្ទុកលើការងារ សំរាប់ប្រើប្រាស់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។   15  គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះ ទៅបើកអោយពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។   16  រីឯប្រាក់តង្វាយដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និង យញ្ញបូជារំដោះបាបគេពុំបានទុកសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជាចារ្យវិញ។   17  នៅគ្រានោះ ព្រះបាទហាសែលជាស្តេចស្រុកស៊ីរី ឡើងមកវាយ និង ដណ្តើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសែលលើកទ័ពតំរង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។   18  ព្រះបាទយ៉ូអាស ស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និង នៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និង ព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេអោយនាំយកទៅថ្វាយព្រះបាទហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។   19  រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូអាស និង អ្វីៗទាំងអស់ដែលស្តេចបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។   20  មេទ័ពរបស់ស្តេចបានក្រោកឡើង រួមគំនិតគ្នាក្បត់នឹងព្រះបាទយ៉ូអាស។ ពួកគេធ្វើគុតស្តេច នៅប៉មមីឡូតាមផ្លូវចុះទៅស៊ីឡា។   21  មេទ័ពដែលបានធ្វើគុតស្តេច គឺលោកយ៉ូសាការជាកូនរបស់លោកស៊ីមាត និង លោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអម៉ាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។