KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 11 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថាព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាអោយគេសម្លាប់រាជវង្សានុវង្សទាំងអស់។   2  ពេលនោះ ព្រះនាងយ៉ូសេបាជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និង ជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារ ព្រមទាំងអោយមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនអោយព្រះនាងអថាលាឃើញដូច្នេះ រាជកុមារក៏រួចពីស្លាប់។   3  ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យរាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។   4  លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជនជាតិការីនិង ពលទាហានមកជួបនឹងលោកនៅព្រះដំណាក់របស់ព្រះអម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំអោយពួកគេស្បថក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្តេចមកបង្ហាញអោយពួកគេឃើញ។   5  បន្ទាប់មក លោកបញ្ជាពួកគេថា៖ « អ្នករាល់គ្នាត្រូវធ្វើដូចតទៅ : ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ មួយភាគបីត្រូវយាមដំណាក់ស្តេច   6  មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និង មួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្តូរវេនគ្នាយាមព្រះដំណាក់។   7  រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទត្រូវយាមព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។   8  អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬ ចូលក៏ដោយ»។   9  ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួនទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទទាំងអ្នកមិនត្រូវវេនយាមហើយទៅជួបលោកបូជាចារ្យយេហូយ៉ាដា។   10  លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។   11  ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និង នៅជិតអាសន:ចាប់ពីប៉ែកខាងស្តាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ដើម្បីការពារព្រះមហាក្សត្រ។   12  ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្តេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។   13  កាលព្រះនាងអថាលាឮសំរែកពលទាហាន និង ប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។   14  ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និង អ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា ៖« នេះជាអំពើក្បត់! នេះជាអំពើក្បត់ !»។   15  លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។   16  គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។   17  លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ព្រះមហាក្សត្រ និង ប្រជារាស្ត្រ ដើម្បីអោយពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និង ប្រជារាស្ត្រដែរ។   18  ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាលហើយវាយកំទេចអាសនៈ និង រូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសន:ទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងអោយមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។   19  បន្ទាប់មក លោកនាំពួកមេទ័ព ពួកនាយទាហានហ្លួងដែលជាជនជាតិការី និង ពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះបាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។   20  ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលានៅក្នុងវាំង។   21  ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុ ប្រាំពីរវស្សា