KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Kings - ពង្សាវតារក្សត្រ ទី ២ 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយពីព្រះបាទអហាប់សោយទិវង្គត ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។   2  ថ្ងៃមួយ ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃព្រះដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្តេចបានចាត់អ្នកនាំសារអោយទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដើម្បីចង់ដឹងថាតើទ្រង់អាចជាសះស្បើយ ពីរបួសនេះឬទេ?។   3  ពេលនោះ ទេវតារបស់ព្រះអម្ចាស់ ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើងទៅជួបអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរថា "តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬបានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?"   4  ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា "អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!"»។ លោកអេលីយ៉ាក៏ចាកចេញទៅ។   5  ពួកអ្នកនាំសារវិលមកគាល់ស្តេចវិញ ហើយស្តេចមានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។   6  ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ : "ចូរវិលទៅទូលស្តេចដែលបានចាត់អ្នករាល់គ្នាអោយមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ : តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬបានជាអ្នកចាត់គេអោយទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? "ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!"»។   7  ស្តេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្តេច?»។   8  ពួកគេទូលស្តេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្តេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលីយ៉ាអ្នកស្រុកធេសប៊ី!»   9  ស្តេចក៏ចាត់មេកងម្នាក់អោយនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។   10  លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមអោយភ្លើងធ្លាក់ពីលើមេឃមកឆេះលោក និង ពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និង ពលទាហានទាំងហាសិបនាក់នោះមែន។   11  ស្តេចចាត់មេទ័ពម្នាក់ទៀតអោយនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។   12  លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមអោយភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និង ពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមកឆេះមេកង និង ពលទាហានទាំងហាសិបនាក់នោះមែន។   13  ស្តេចចាត់មេកងទីបីអោយនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំគាត់លុតជង្គង់នៅមុខលោកអេលីយ៉ារួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតអោយខ្ញុំប្របាទ និង ពលទាហានទាំងហាសិបនាក់នេះផង។   14  មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និង ពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយឥឡូវនេះសូមអាណិតមេត្តាទុកជីវិតអោយខ្ញុំប្របាទផង ! »។   15  ទេវតា របស់ព្រះអម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះកុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេចូលគាល់ស្តេច   16  ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ : "ដោយអ្នកបានចាត់អ្នកនាំសារអោយទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!"»។   17  ព្រះបាទអហាស៊ីយ៉ាសោយទិវង្គត ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ា គ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទយ៉ូសាផាតស្តេចស្រុកយូដា។   18  រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស៊ីយ៉ា និង អ្វីៗដែលទ្រង់បានធ្វើសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។