KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 8 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទសាឡូម៉ូនចំណាយពេល អស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះដំណាក់របស់ព្រះអម្ចាស់ និង វាំងរបស់ស្តេច។   2  ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចអោយប្រជាជនអ៊ីស្រាអែលទៅរស់នៅ។   3  ព្រះបាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហាម៉ាត់នៅស្រុកសូបាហើយកាន់កាប់ក្រុងនោះ។   4  ស្តេចក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានាធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។   5  ស្តេចបានសង់ក្រុងបេតហូរ៉ូន ខាងលើ និង បេតហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និង កំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និង រនុកផង។   6  ស្តេចក៏បានសង់ក្រុងបាឡាត និង ក្រុងទាំងប៉ុន្មានដែលស្តេចទុកធ្វើជាឃ្លាំងសំរាប់ដាក់ស្បៀងឃ្លាំងសំរាប់ដាក់រទេះចំបាំង និង សំរាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្តេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និង ក្នុងនគរទាំងប៉ុន្មានដែលស្តេចគ្រប់គ្រង។   7  ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និង ជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។   8  កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេអោយផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះអោយធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។   9  ព្រះបាទសាឡូម៉ូនពុំបានបង្ខំអោយនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែលធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការមេកងពលរទេះចំបាំង និង កងពលសេះ។   10  ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ អោយត្រួតត្រាលើពួកកំណែន។   11  ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្តេចបានសង់ថ្វាយព្រះនាង ដ្បិតស្តេចមានព្រះតំរិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្តេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។   12  គ្រានោះព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់នៅលើអាសនៈដែលស្តេចសង់នៅមុខទីសក្ការៈ   13  គឺតង្វាយប្រចាំថ្ងៃ តង្វាយសំរាប់ថ្ងៃសប្ប័ទតង្វាយសំរាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសំរាប់បុណ្យសំខាន់ៗបីដងក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេបុណ្យសបា្តហ៍ និង បុណ្យបារាំ ស្របតាមបទបញ្ជាដែលលោកម៉ូសេបានចែងទុក។   14  ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗតាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌជាបិតាបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីអោយបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និង ជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់អោយអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗតាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌជាជំនិតរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។   15  គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្តេចបានចែងទុក ស្តីពីក្រុមបូជាចារ្យ និង ក្រុមលេវីឬបញ្ជាផ្សេងទៀត ស្តីអំពីទ្រព្យសម្បត្តិរបស់ព្រះដំណាក់ឡើយ។   16  ព្រះបាទសាឡូម៉ូនបានសំរេចគំរោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់។   17  គ្រានោះ ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និង ក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។   18  ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រមកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូនទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោនមកថ្វាយព្រះបាទសាឡូម៉ូន។