1 ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងទីងងឹត! 2 ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច!»។ 3 ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូលដែលកំពុងតែឈរនៅទីនោះ។ 4 ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសំដែងព្រះបារមី ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌជាបិតារបស់ខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលដូចតទៅ : 5 "តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយទុកជាកន្លែងសំរាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ 6 គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសដាវីឌអោយធ្វើជាមេដឹកនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង"។ 7 ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយសំរាប់ព្រះនាមរបស់ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំថា "អ្នកមានបំណងសង់ព្រះដំណាក់សំរាប់នាមយើងដូច្នេះជាការប្រសើរណាស់ 9 តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សំរាប់នាមយើង"។ 10 ព្រះអម្ចាស់បានសំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសំរាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។ 11 ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅក្នុងព្រះដំណាក់នេះ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយជនជាតិអ៊ីស្រាអែល»។ 12 ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូលស្តេចលើកព្រះហស្តឡើងលើ។ 13 ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្តាលទីលានព្រះដំណាក់វេទិកានេះមានបណោ្តយប្រាំហត្ថទទឹងប្រាំហត្ថ និង កំពស់បីហត្ថ។ ព្រះរាជាយាងឡើងគង់លើវេទិកានោះរួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ហើយលើកព្រះហស្តឡើងទៅលើមេឃ ទូលថា៖ 14 «បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និង នៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហប្ញទ័យមេត្តាករុណា ចំពោះអ្នកបំរើរបស់ព្រះអង្គដែលដើរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ 15 ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និង ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ 16 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបំរើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា "ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមក្រឹត្យវិន័យ របស់យើង ដូចអ្នកបានដើរតាមយើងដែរនោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រាអែល នៅចំពោះមុខយើងជានិច្ច"។ 17 បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលឥឡូវនេះ សូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គផង។ 18 តើព្រះជាម្ចាស់គង់នៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និង លំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! 19 បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋាន និង ពាក្យទូលអង្វររបស់ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្តាប់សំរែក និង ពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! 20 សូមទតមើលមកព្រះដំណាក់នេះ ទាំងថ្ងៃទាំងយប់ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថាជាកន្លែងសំរាប់ព្រះនាមរបស់ព្រះអង្គ។ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គអធិស្ឋាននៅទីនេះផង! 21 កាលទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ និង អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះសូមទ្រង់ព្រះសណ្តាប់ពាក្យទូលអង្វរទាំងប៉ុន្មានរបស់យើងខ្ញុំផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និង អត់ទោសអោយយើងខ្ញុំផង!។ 22 កាលណាមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំអោយអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈក្នុងព្រះដំណាក់របស់ព្រះអង្គ 23 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ ហើយរកយុត្តិធម៌អោយអ្នកបំរើរបស់ព្រះអង្គ។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុសសមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមព្រះហប្ញទ័យសុចរិតរបស់ព្រះអង្គ។ 24 កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និង សរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និង ទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ 25 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អោយបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដីដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។ 26 កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គហើយព្រះអង្គធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូលអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និង លះបង់អំពើបាប 27 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្តាប់ ហើយលើកលែងទោសពួកអ្នកបំរើរបស់ព្រះអង្គ គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អោយបានរួចពីបាបផង។ សូមបង្រៀនពួកគេអោយដើរតាមមាគ៌ាដ៏សុចរិតនិង ប្រទានទឹកភ្លៀងមកលើស្រុករបស់ព្រះអង្គ គឺស្រុកដែលព្រះអង្គប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គទុកជាកេរមត៌ក។ 28 កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កក មានក្រា កណ្តូប និង ចង្រិត ស៊ីបង្ហិនស្រូវឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និង តាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និង ជំងឺផ្សេងៗ 29 ប្រសិនបើមាននរណាម្នាក់ ឬ ប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សា និង ឈឺចុកចាប់ រួចអធិស្ឋាន និង ទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ 30 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ និង លើកលែងទោសអោយពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកយ៉ាងច្បាស់។ 31 ធ្វើដូច្នេះពួកគេនឹងគោរពកោតខ្លាចព្រះអង្គ ព្រមទាំងដើរក្នុងមាគ៌ារបស់ព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដីដែលព្រះអង្គប្រទានអោយដូនតារបស់ពួកគេ។ 32 សូម្បីតែជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គមកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្តុង្គឧត្តម ព្រមទាំងឫទ្ធិបារមី និង តេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ 33 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ និង ប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មានដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីអោយជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថាព្រះដំណាក់ដែលទូលបង្គំសង់នេះពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។ 34 កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអង្គឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និង ឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះនាមរបស់ព្រះអង្គ 35 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខស្តាប់ពាក្យអធិស្ឋាន និង ពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។ 36 កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយទោះបីឆ្ងាយឬជិតក្តី 37 ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា"យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុសយើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!"។ 38 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្តអស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានអោយដូនតារបស់គេឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និង ឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សំរាប់ព្រះនាមរបស់ព្រះអង្គ 39 សូមព្រះអង្គ ដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្តាប់ពាក្យអធិស្ធាន និង ពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។ សូមលើកលែងទោសអោយប្រជារាស្ត្ររបស់ព្រះអង្គដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យព្រះអង្គ។ 40 បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។ 41 ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើង សូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ ហើយគង់នៅក្នុងទីសំរាករបស់ព្រះអង្គរហូតតទៅ។ ព្រះជាអម្ចាស់អើយ សូមអោយការសង្គ្រោះស្ថិតនៅជាប់ជាមួយ ពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់ ហើយសូមអោយប្រជារាស្ត្ររបស់ព្រះអង្គ ជួបប្រទះតែនឹងសុភមង្គល! 42 ឱព្រះជាអម្ចាស់អើយ! សូមកុំបោះបង់ចោលស្តេចដែលព្រះអង្គបាន ចាក់ប្រេងអភិសេកនេះឡើយ សូមនឹកដល់ភក្តីភាពរបស់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ!»។