1 ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាហាស់ ជាបុត្ររបស់ព្រះបាទយ៉ូសៀសអោយឡើងស្នងរាជ្យបិតានៅក្រុងយេរូសាឡឹម។ 2 កាលព្រះបាទយ៉ូអាហាស់ឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ 3 ស្តេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាហាស់ ហើយតំរូវអោយស្រុកយូដាបង់សួយសារអាករ ជាប្រាក់ហាសិបហាប និង មាសកន្លះហាបទៀតផង។ 4 ព្រះចៅផារ៉ោននេកោបានតែងតាំងព្រះបាទអេលាគីម ជាអនុជរបស់ព្រះបាទយ៉ូអាហាស់អោយសោយរាជ្យលើស្រុកយូដា និង ក្រុងយេរូសាឡឹម ហើយដូរនាមថាយេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ព្រះចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីបល។ 5 កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ស្តេចទេ។ 6 ព្រះចៅនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនបានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយេហូយ៉ាគីម ហើយចាប់ស្តេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។ 7 ព្រះចៅនេប៊ូក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅទុកក្នុងវាំងរបស់ស្តេចនៅក្រុងបាប៊ីឡូនដែរ។ 8 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្តេចផ្ទាល់បានប្រព្រឹត្តសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និង ស្តេចស្រុកយូដា។ ព្រះបាទយ៉ូយ៉ាគីន ជាបុត្របានឡើងស្នងរាជ្យ។ 9 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យស្តេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទេ។ 10 នៅពេលចូលឆ្នាំព្រះចៅនេប៊ូក្នេសា ចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសារបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីនអោយសោយរាជ្យលើស្រុកយូដា និង ក្រុងយេរូសាឡឹម។ 11 កាលព្រះបាទសេដេគាឡើងសោយរាជ្យស្តេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្តេចសោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ 12 ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ស្តេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។ 13 ព្រះចៅនេប៊ូក្នេសាបានអោយស្តេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ 14 មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានាហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ 15 ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេបានចាត់អ្នកបំរើរបស់ព្រះអង្គ អោយទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហប្ញទ័យមេត្តាប្រជារាស្ត្រ និង ព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ 16 ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់អោយទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។ 17 ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្តេចនៃជនជាតិខាល់ដេអោយលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និង មនុស្សចាស់ជរា សក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។ 18 ព្រះចៅនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មានដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដំណាក់ស្តេច និង ផ្ទះរបស់ពួកមន្ត្រីនាំយកទៅស្រុកបាប៊ីឡូន។ 19 កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និង កំទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ 20 ព្រះចៅនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាមយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេក្នេនេសារ និង បុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។ 21 ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសានអស់រយៈពេលចិតសិបឆ្នាំ ដូច្នេះក្នុងអំឡុងពេលនោះទឹកដីនឹងបានសំរាកជំនួសឆ្នាំសប្ប័ទ ដែលប្រជាជនពុំបានគោរព»។ 22 ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហប្ញទ័យព្រះចៅស៊ីរូសអោយចេញប្រកាស និង រាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមា មានសេចក្តីដូចតទៅ៖ 23 «ព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្សមានរាជឱង្ការដូចតទៅ :ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់ នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមអោយព្រះរបស់គេ គង់នៅជាមួយគេ»។