KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 26 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអូសៀស ដែលមានព្រះជន្មដប់ប្រាំមួយវស្សាអោយឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។   2  ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។   3  ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សាទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាយេកូលាជាអ្នកក្រុងយេរូសាឡឹម។   4  ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។   5  ព្រះបាទអូសៀសយកព្រះហប្ញទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្តេចអោយគោរពកោតខ្លាចព្រះជាម្ចាស់។ ដរាបណាស្តេចស្វែងរកព្រះជាម្ចាស់ព្រះអង្គប្រទានអោយស្តេចបានចំរុងចំរើនជានិច្ច។   6  ស្តេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និង ក្រុងអាសដូឌ។ ស្តេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និង ក្នុងទឹកដីភីលីស្ទីន។   7  ព្រះជាម្ចាស់ជួយស្តេច នៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និង ជនជាតិម៉ាអូន។   8  ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្តេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានប្ញទ្ធិអំណាចយ៉ាងខ្លាំង។   9  ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និង នៅលើមុមកំពែង។   10  ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និង ជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និង តំបន់វាលទំនាបហើយស្តេចក៏មានកសិករដែលធ្វើស្រែ និង ដាំទំពាំងបាយជូរថ្វាយនៅតាមតំបន់ភ្នំ និង នៅភ្នំកើម៉ែលដែរ ព្រោះស្តេចសព្វព្រះហប្ញទ័យខាងវិស័យកសិកម្ម។   11  ព្រះបាទអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែល ជាស្មៀនហ្លួង និង លោកម៉ាសេយ៉ាជាមន្ត្រីរដ្ឋបាលបានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្តេច។   12  ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ២ ៦០០ រូប   13  និង មានចំនួនទាំងអស់ ៣០៧ ៥០០ នាក់ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។   14  ព្រះបាទអូសៀសបានប្រគល់ខែលលំពែងមួកដែកអាវក្រោះធ្នូព្រមទាំងដង្ហក់សំរាប់បាញ់គ្រួស អោយទាហានគ្រប់ៗរូប។   15  នៅក្រុងយេរូសាឡឹម ស្តេចអោយជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធ ដាក់នៅតាមប៉ម និង តាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និង ចោលដុំថ្ម។ កិត្តិនាមរបស់ស្តេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្តេចយ៉ាងច្រើនបំផុត ធ្វើអោយស្តេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។   16  ប៉ុន្តែ ពេលបានអំណាចរឹងប៊ឹងហើយ ស្តេចក៏មានអំនួត រហូតដល់បណ្តាលអោយស្តេចត្រូវវិនាស។ ស្តេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនគឺស្តេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូប នៅលើអាសនៈថ្វាយគ្រឿងក្រអូប។   17  លោកបូជាចារ្យអសារាចូលមកតាមក្រោយស្តេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាច មកជាមួយផង។   18  លោកទាំងនោះឈរនៅមុខស្តេច ទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះដែលបានទទួលពិធីតែងតាំងសំរាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។   19  ព្រះបាទអូសៀសកាន់ពានសំរាប់ដុតគ្រឿងក្រអូប ហើយពេលស្តេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យក្បែរអាសនៈដុតគ្រឿងក្រអូបក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។   20  លោកមហាបូជាចារ្យអសារា និង បូជាចារ្យទាំងអស់បែរទៅ ឃើញស្តេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្តេចចេញមកក្រៅជាបន្ទាន់។ រីឯស្តេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្តេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្តេច។   21  ព្រះបាទអូសៀសកើតឃ្លង់រហូតដល់ថ្ងៃដែលទ្រង់អស់ព្រះជន្ម។ ដោយស្តេចកើតឃ្លង់ ដូច្នេះទ្រង់ត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្តេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និង ទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។   22  ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀសតាំងពីដើមដល់ចប់។   23  ព្រះបាទអូសៀសសោយទិវង្គតគេបានយកសពទៅបញ្ចុះ នៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។