KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 25 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទអម៉ាស៊ីយ៉ាឡើងសោយរាជ្យ នៅពេលមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាយ៉ូអាដានជាអ្នកក្រុងយេរូសាឡឹម។   2  ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ តែមិនមែនដោយស្មោះអស់ពីចិត្តទេ។   3  ក្រោយពីឡើងគ្រងរាជ្យ និង ពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្តេច។   4  ប៉ុន្តែ ស្តេចពុំបានអោយគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្តេចគោរពតាមសេចក្តីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។   5  ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និង កុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួនក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និង មេបញ្ជាការកងពលតូច។ បន្ទាប់មក ស្តេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណានដែលប្រើលំពែងប្រើខែលចេញទៅធ្វើសឹកបាន។   6  ស្តេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន១០០ ០០០ នាក់ពីស្រុកអ៊ីស្រាអែល។   7  មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប មកទូលស្តេចថា៖ «បពិត្រព្រះរាជា សូមកុំអោយទាហានអ៊ីស្រាអែលចេញទៅជាមួយព្រះករុណាឡើយ ដ្បិតព្រះអម្ចាស់មិនគង់ជាមួយអ៊ីស្រាអែល គឺព្រះអង្គមិនគង់ជាមួយកូនចៅអេប្រាអ៊ីមទាំងនេះទេ។   8  ប្រសិនបើព្រះករុណាអោយពួកគេទៅជាមួយទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្តី ក៏ព្រះជាម្ចាស់ធ្វើអោយព្រះករុណាបរាជ័យនៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលប្រទានជ័យជំនះឬធ្វើអោយបរាជ័យ»។   9  ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្តេចចំពោះប្រាក់ដែលយើងបានអោយទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្តេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។   10  ពេលនោះ ព្រះបាទអម៉ាស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព អោយគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជនជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញ ទាំងក្តៅក្រហាយ។   11  ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាននាំមុខកងទ័ពឆ្ពោះទៅជ្រលងភ្នំអំបិលហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។   12  ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមកធ្វើអោយពួកគេ ស្លាប់ទាំងអស់គ្នា។   13  រីឯទាហានអ៊ីស្រាអែលដែលព្រះបាទអម៉ាស៊ីយ៉ាបណ្តេញអោយវិលទៅផ្ទះវិញ ដើម្បីកុំអោយទៅច្បាំងជាមួយនោះបាននាំគ្នារាតត្បាតក្រុងនានា ក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និង ក្រុងបេតហូរ៉ូនហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជ័យភ័ណ្ឌជាច្រើនទៀតផង។   14  ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ព្រះបាទអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និង ដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។   15  ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ព្រះអង្គចាត់ព្យាការីអោយទៅគាល់ស្តេចទូលថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនអោយរួចពីកណ្តាប់ដៃរបស់ព្រះករុណាទេ ចុះហេតុដូចម្តេចបានជាព្រះករុណាបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។   16  លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកអោយធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់អោយគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយ ថាព្រះជាម្ចាស់បានសំរេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្តាប់យោបល់របស់ទូលបង្គំដែរ»។   17  ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាចាត់គេអោយទៅទូលព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទយ៉ូអាហាស និង ជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមកយើងប្រយុទ្ធតទល់គ្នា!»។   18  ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលចាត់មនុស្សអោយមកទូលព្រះបាទអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា វិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេអោយទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា "ចូរលើកកូនស្រីរបស់អ្នកអោយមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង"។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។   19  ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាមដែលបង្កអោយវេទនាដូច្នេះ? ព្រះករុណា និង ប្រជាជនយូដាមុខជាបរាជ័យមិនខាន!»។   20  ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្តាប់តាមសេចក្តីព្រមាននេះទេ ដ្បិតព្រះជាម្ចាស់បណ្តាលអោយកើតមានដូច្នេះ ដើម្បីអោយស្តេច និង កងទ័ពធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បច្ចាមិត្ត ព្រោះស្តេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។   21  ពេលនោះព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែល ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដា នៅក្រុងបេតសេមែសក្នុងស្រុកយូដា។   22  កងទ័ពយូដាវាយចាញ់កងទ័ពអ៊ីស្រាអែល ហើយពលទាហានយូដាបាក់ទ័ពរត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។   23  ព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែលចាប់បានព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាស និង ជាចៅរបស់ព្រះបាទយ៉ូអាហាសនៅបេតសេមែសធ្វើជាឈ្លើយ។ បន្ទាប់មកព្រះបាទយ៉ូអាសនាំព្រះបាទអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុងចាប់តាំងពីទ្វារអេប្រាអ៊ីម រហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។   24  ស្តេចប្រមូលយកមាសប្រាក់ និង វត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែលមានលោកអូបេដ-អេដុម ជាអ្នកមើលខុសត្រូវព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។   25  ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្តេចអ៊ីស្រាអែល សោយទិវង្គតព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាស ស្តេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។   26  រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និង ស្តេចស្រុកអ៊ីស្រាអែល។   27  ក្រោយពេលដែលព្រះបាទអម៉ាស៊ីយ៉ាបែកចិត្តចេញពីព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្តេច ដូច្នេះ ស្តេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមព្រះរាជារហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្តេចនៅទីនោះ។   28  គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះនាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។