KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះបាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំពីរព្រះវស្សាទ្រង់សោយរាជ្យ បានសែសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។   2  ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។   3  លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្តេចបង្កើតបានបុត្រាបុត្រីជាច្រើន។   4  ក្រោយមក ព្រះបាទយ៉ូអាសមានបំណងជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។   5  ស្តេចកោះហៅក្រុមបូជាចារ្យ និង ក្រុមលេវី អោយមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសំរេចការនេះអោយបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះអោយបានរួសរាន់ទេ។   6  ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារអោយក្រុមលេវីប្រមូលប្រាក់ដែលប្រជាជននៅស្រុកយូដា និង ក្រុងយេរូសាឡឹម ត្រូវយកមកបង់ដូចលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់បានបង្គាប់អោយសហគមន៍អ៊ីស្រាអែលយកមកថ្វាយសំរាប់ពន្លានៃសន្ធិសញ្ញា?   7  ម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយ និង បរិវាររបស់គាត់ បានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សំរាប់ព្រះបាល»។   8  ពេលនោះព្រះរាជាអោយគេធ្វើហិបមួយយកទៅ ដាក់នៅខាងមុខមាត់ទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។   9  គេចេញប្រកាសនៅស្រុកយូដា និង នៅក្រុងយេរូសាឡឹម អោយប្រជាជនយកពន្ធដារមកថ្វាយព្រះអម្ចាស់ដូចលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់ បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន។   10  មេដឹកនាំទាំងអស់ និង ប្រជាជនទាំងមូលនាំគ្នាយកប្រាក់មកថ្វាយដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។   11  លុះដល់ពេលដែលត្រូវនាំហិប ទៅអោយក្រុមលេវី ត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិប ហើយលោកស្មៀនហ្លួង និង លោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។   12  ព្រះរាជា និង លោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅអោយពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និង ជាងឈើ ព្រមទាំងជួលជាងដែក និង ជាងលង្ហិនសំរាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។   13  មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការដោយដឹកនាំការជួលជុលទាំងអស់ ធ្វើអោយព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និង មាំ ដូចដើមឡើងវិញ។   14  ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និង ប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសំរាប់ពិធីផ្សេងៗគ្រឿងបរិក្ខារសំរាប់តង្វាយដុតទាំងមូល ពែងព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និង ប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។   15  លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និង មានអាយុវែង រួចលោកទទួលមរណភាពក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។   16  គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌ ជាមួយស្តេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែលចំពោះព្រះជាម្ចាស់ និង ព្រះដំណាក់របស់ព្រះអង្គ។   17  ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដានាំគ្នាមកក្រាបថ្វាយបង្គំព្រះរាជា ហើយព្រះរាជាទ្រង់ព្រះសណ្តាប់ពួកគេ។   18  ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបំរើព្រះអាសេរ៉ា និង ព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលអោយព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដាព្រមទាំងអ្នកក្រុងយេរូសាឡឹម។   19  ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេ អោយវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។   20  ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជនហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ : ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វីក៏មិនបានសំរេចដែរ»។   21  ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់តាមបញ្ជារបស់ស្តេច។   22  ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់លោកសាការីពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។   23  មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និង ក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជ័យភ័ណ្ឌទាំងអស់ទៅថ្វាយស្តេចនៅក្រុងដាម៉ាស។   24  កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើនទៅក្នុងកណ្តាប់ដៃរបស់ពួកគេព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សំរាប់ដាក់ទោសព្រះបាទយ៉ូអាស។   25  បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកអោយព្រះបាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបំរើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្មទៅ លើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតស្តេចនៅក្នុងក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរជាមួយស្តេចឯទៀតៗទេ។   26  អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្តេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូនឈ្មោះស៊ីម៉ាត និង លោកយ៉ូសាបាដជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។   27  រីឯចំនួនបុត្ររបស់ស្តេច និង សេចក្តីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់សុទ្ធ តែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រ បានឡើងស្នងរាជ្យ។