KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

2 Chronicles - របាក្សត្រ ទី២ 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នា លើកសម្តេចអហាស៊ីយ៉ាជាបុត្រពៅរបស់ព្រះបាទយ៉ូរ៉ាម អោយឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យលើស្រុកយូដា។   2  ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អថាលាជាចៅរបស់ព្រះបាទអូមរី។   3  ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្តេចអោយប្រព្រឹត្តអំពើអាក្រក់។   4  ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គតរាជវង្សរបស់ព្រះបាទអហាប់ ជួយគំនិតព្រះបាទអហាស៊ីយ៉ាដែលជំរុញអោយស្តេចត្រូវវិនាស។   5  ស្តេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ស្តេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងព្រះបាទហាសែលជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូតក្នុងស្រុកកាឡាដ។ ពេលនោះ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមរបួស។   6  ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅក្រុងរ៉ាម៉ា ក្នុងពេលស្តេចប្រយុទ្ធជាមួយព្រះបាទហាសែលស្តេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា យាងចុះទៅក្រុងយីសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។   7  ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហប្ញទ័យធ្វើអោយព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូវ ជាស្តេច ដើម្បីអោយលោករំលាយរាជវង្សព្រះបាទអហាប់។   8  លោកយេហ៊ូវធ្វើទោសរាជវង្សព្រះបាទអហាប់ ថ្វាយព្រះជាម្ចាស់ ហើយពេលលោកជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ព្រះបាទអហាស៊ីយ៉ា ដែលជារាជបំរើរបស់ស្តេច នោះលោកក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។   9  លោកយេហ៊ូវអោយគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសព ស្តេចដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាតដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។   10  កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថាព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសំរេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្តេចស្រុកយូដា។   11  ពេលនោះ ម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និង ជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនអោយព្រះនាងអថាលាឃើញ ដូច្នេះរាជកុមារក៏បានរួចពីស្លាប់។   12  ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យលើស្រុក រាជកុមារលាក់ខ្លួនជាមួយគេ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។